ពូទីន ព្រមានប្រើកម្លាំងយោធាលឿនដូចផ្លេកបន្ទោរ បើប្រទេសណាមួយធ្វើអន្តរាគមន៍នៅអ៊ុយក្រែន

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ប្រសិនបើប្រទេសណាមួយធ្វើអន្តរាគមន៍ក្នុងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែននឹងត្រូវប្រឈមមុខនឹងការឆ្លើយតបដោយយោធា «លឿនដូចផ្លេកបន្ទោរ» ពីសំណាក់ទីក្រុងមូស្គូ។

ការព្រមានខាងលើរបស់លោក ពូទីន ធ្វើឡើងនៅក្នុងសុន្ទរកថាមួយទៅកាន់សមាជិកសភារុស្ស៉ី ក្នុងទីក្រុងសាំង ភីតធើស្បឺគ (St Petersburg) នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីយោធារុស្ស៉ីអះអាងថាបានប្រើមីស៊ីលវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ុយក្រែន ដោយបានកម្ទេចឃ្លាំងស្ដុក អាវុធដែលលោកខាងលិចបញ្ជូនឱ្យទីក្រុងកៀវ។

ដោយចង់សំដៅលើមីស៊ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែរ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «យើងមិនមែននិយាយអួតពីវានោះទេ។ យើងនឹងប្រើពួកវា ប្រសិនបើចាំបាច់ ហើយខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងពីរឿងនេះ ខណៈយើងបានសម្រេចចិត្ត រួចរាល់ហើយលើបញ្ហានេះ»។

នៅចំពោះមុខសង្រ្គាមដំណាក់កាលទី២ ដែលរុស្ស៉ីកំពុងវាយលុកលើតំបន់ដុនបាស់, ក្រុមមន្ត្រីលោកខាងលិចបានបង្ហាញពីក្ដីបារម្ភជា បន្តបន្ទាប់ថាលោក ពូទីន អាចនឹងប្រើប្រាស់អាវុធគីមី និងអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ប្រសិនបើយោធារុស្ស៉ីនៅតែបរាជ័យមិនអាចគ្រប់គ្រង តំបន់ដុនបាស់បានទេនោះ៕