
ចូ បៃដិន នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុនខែក្រោយ
ថ្ងៃចេញផ្សាយៈ April 28, 2022
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានគម្រោងចាកចេញពីសហរដ្ឋអាមេរិក ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភាខាងមុខនេះ ក្នុងគោលបំណងពិភាក្សាជាមួយមេដឹកនាំទីក្រុងសេអ៊ូល និងតូក្យូរបស់លោក។ នេះបើតាមសេតវិមាននៅថ្ងៃពុធម្សិលមិញ។
ស្របពេលជាមួយគ្នានេះដែរ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅឯទីក្រុងតូក្យូ លោក បៃដិន នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃក្រុមប្រទេសក្វាដ (Quad) រួមមានអូស្រ្តាលី ជប៉ុន ឥណ្ឌា និងសហរដ្ឋអាមេរិក។
ដោយឡែក បើតាមក្រុមមន្ត្រីអាមេរិកនោះ ប្រធានាធិបតីរូបនេះក៏នឹងរៀបចំកិច្ចប្រជុំទ្វេភាគីផងដែរ ជាមួយសមភាគីកូរ៉េខាងត្បូងលោក យូន ស៊ុក យ៉ុលដែលនឹងត្រូវស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីនៅថ្ងៃទី១០ ខែឧសភាខាងមុខនេះ៕