រដ្ឋមន្រ្តីធនធានទឹក និងអភិបាលរាជធានីភ្នំពេញ រួមគ្នាបន្តអន្តរាគមន៍បិទផ្ចិតចំណុចទំនប់បាក់ ដីសណ្តរស្ទឹងព្រែកត្នោត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ និងក្រុមមន្រ្តីបច្ចេកក្រសួង បានបន្តបេសកកម្ម អន្តរាគមន៍ នៅចំណុចទំនប់បាក់លើ សណ្តរស្ទឹងព្រែកត្នោត ត្រង់ចំណុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលាសង្កាត់ទៀន ខណ្ឌដង្កោ។

ក្នុងអំឡុងពេលចុះដឹកនាំបញ្ជាផ្ទាល់ទៅទីតាំងខាងលើនេះ លោករដ្ឋមន្រ្តីបានដាក់ផែនការដើម្បីកាត់បន្ថយការលិចលង់រីករាលដាលដោយ ៖ ទី១ ៖ រៀបចំបាវខ្សាច់ដាក់រៀបពីភាគខាងលើសំណង់ទំនប់-ផ្លូវចាស់ ដើម្បីកាត់បន្ថយចរន្តទឹកហូរបុកខ្លាំង និងទី២ ៖ ឆ្កឹះយកតួសំណង់ចាស់ (សល់ពីជំនាន់ប៉ុលពត) ចោល រួចសំអាតដោយធ្វើការចាក់បំពេញដីតួរផ្លូវទំនប់ឱ្យរឹងមាំសារជា ថ្មីឡើងវិញ។

រហូតមកដល់ម៉ោង១១ថ្ងែទី២៨ ខែតុលានេះ ផែនការតំណាក់កាលទី១អនុវត្តបានសម្រេចហើយ ពោលគឺបន្ថយចរន្តទឹកខ្លាំង មិនមានសកម្មភាពបង្ករការហូរបុកបាក់បន្ថែមទៀតនោះទេ។ ការងារកំពុងដំណើរការល្អទៅតាមផែនការកំណត់ដែលលោករដ្ឋមន្ត្រីបានដាក់ចេញ រហូតដល់ទទួលបានជោគជ័យក្នុងពេលដ៏ខ្លីឆាប់ៗនេះ៕