រុស្ស៉ី ៖ ប្រទេសលោកខាងលិចកំពុងញុះញង់ឱ្យអ៊ុយក្រែន វាយប្រហារលើទឹកដីរុស្ស៉ី

មូស្គូ ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា បណ្តាប្រទេសលោកខាងលិចកំពុងអំពាវនាវដោយបើកចំហដល់អ៊ុយក្រែនឱ្យវាយប្រហារលើទឹកដីរុស្ស៊ី ដោយប្រើអាវុធដែលពួកគេផ្គត់ផ្គង់ដល់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន TASS។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ លោកស្រីបានលើកឡើងថា «យើងបានធ្វើអត្ថាធិប្បាយរួចហើយកាលពីប៉ុន្មានថ្ងៃមុនលើសេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីការពារជាតិអង់គ្លេស អំពីការយល់ព្រមឱ្យអ៊ុយក្រែនវាយប្រហារគោលដៅយោធារុស្ស៊ី។ និយាយម្យ៉ាងទៀត លោកខាងលិចកំពុងអំពាវនាវជាចំហឱ្យទីក្រុងកៀវវាយប្រហាររុស្ស៊ី សូម្បីតែអាវុធដែលបាន ទទួល ពី ប្រទេស ណាតូ ក៏ ដោយ»។

យោងតាមលោកស្រី Zakharova ទីក្រុងកៀវទទួលយកការអំពាវនាវនេះ សម្រាប់ធ្វើសកម្មភាព ដោយក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានទម្លាក់គ្រាប់បែកលើទឹកដីព្រំដែនរុស្ស៊ីបណ្តាលឱ្យមានអ្នកស្លាប់ និងបំផ្លិចបំផ្លាញយ៉ាងច្រើន។ លោកស្រីសង្កត់ធ្ងន់ថា សកម្មភាពឧក្រិដ្ឋកម្មបែបនេះរបស់យោធាអ៊ុយក្រែនប្រឆាំងនឹងទឹកដីរុស្ស៊ីនឹងមិនអាចថាគ្មានការឆ្លើយ តបនោះទេ។

លោក Zakharova បានចង្អុលបង្ហាញថា «ខ្ញុំចង់ឱ្យទីក្រុងកៀវ និងរដ្ឋធានីលោកខាងលិច យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរបស់ប្រទេសរបស់យើង ដែលការបង្កហេតុបន្ថែមទៀតរបស់អ៊ុយក្រែនក្នុងការវាយលុកគោលដៅរបស់រុស្ស៊ី នឹងពិតជានាំឱ្យមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរពីរុស្ស៊ី»៕