អង្គការទេសចរណ៍ពិភពលោក (UNWTO) បោះឆ្នោតព្យួរសមាជិកភាពរបស់រុស្ស៊ី

បរទេស ៖ អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UNWTO) បានបោះឆ្នោតព្យួរសមាជិកភាពរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានអ៊ុយក្រែនរបស់ទីក្រុងម៉ូស្គូ។

អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) លោក ហ្ស៊ូរ៉ាប់ ប៉ូឡូលីកាស្វីលី (Zurab Pololikashvili) បានប្រកាសពីការសម្រេចចិត្តនេះ នៅក្នុងសារបង្ហោះនៅលើ Twitter ក្នុងថ្ងៃពុធសប្តាហ៍នេះ។

ការបោះឆ្នោតលើសេចក្តីព្រាងសេចក្តីសម្រេចដែលអំពាវនាវឱ្យព្យួរសមាជិកភាពរបស់រុស្ស៊ី បានធ្វើឡើងនៅថ្ងៃដដែលនៅឯមហា សន្និបាតវិសាមញ្ញអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UNWTO) ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

សេចក្តីព្រាងច្បាប់នេះត្រូវបានប្រទេសជាសមាជិកដាក់ជូន ដោយក្នុងនោះរួមមានទាំងបារាំង និងប៉ូឡូញ ដោយពួកគេបានលើកហេតុផលថា សកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺផ្ទុយនឹងគោលបំណងរបស់ UNWTO ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ដើម្បីសន្តិភាព។

បើតាមសេចក្តីរាយការណ៍ ប្រទេសរុស្ស៊ីក៏បានបង្ហាញពីចេតនារបស់ខ្លួនផងដែរ ក្នុងការដកខ្លួនចេញពីអង្គការនេះ នៅមុនការបោះឆ្នោត ប៉ុន្តែការបោះឆ្នោតនៅតែបន្ត។

សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែមេសាកន្លងទៅ មហាសន្និបាតអង្គការសហប្រជាជាតិក៏បានធ្វើការបោះឆ្នោតព្យួរសមាជិកភាពរបស់រុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ៕