គ្រោងសាងសង់ផែនេសាទស្តង់ដារចំនួន២ នៅខេត្តកែប ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

ខេត្តកែប ៖ ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋបាលខេត្តកែប កំពុងពិភាក្សាគ្នាលើការសាងសង់កំពង់ផែនេសាទថ្មីមួយនៅជាប់ទីតាំងផ្សារក្តាម និងកែប្រែពង្រីកទីតាំងកំពង់ផែ គង់យន ឲ្យក្លាយទៅជាកំពង់ផែនេសាទស្តង់ដារ ផែនការសាងសង់ផែនេសាទទាំងនេះ ស្ថិតក្នុងគម្រោង “ ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព”  របស់ADB ដែលគ្រោងចំណាយថវិកា ១០០ លានដុល្លារ ក្នុងការដំណើរការគម្រោងទាំងមូល។

ថ្លែងក្នុងអង្គប្រជុំនាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក វ៉ៅ សុខា អភិបាលរងខេត្តទទួលបន្ទុក បានអោយដឹងថា ក្រោយចុះសិក្សាទីតាំងជាច្រើនកន្លែងនូវតំបន់ជាប់មាត់សមុទ្រក្នុងខេត្តកែប របស់ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី និងអាជ្ញាធរក្រុងស្រុក ជាមួយមន្រ្តីជំនាញខេត្ត យើងឯកភាពគ្នាក្នុងការយកទីតាំងចំនួន២ សម្រាប់សាងសង់កំពង់ផែនេសាទស្តង់ដារ ដោយមួយកន្លែងនៅជាប់ផ្សារក្តាម ស្ថិតក្នុងក្រុងកែប និងមួយកន្លែងទៀតនៅទីតាំងផែ គង់យន ស្ថិតក្នុងស្រុកដំណាក់ចង្អើរ។ ការឯកភាពគ្នានេះ ស្របជាមួយបំណងរបស់អាជ្ញាធរខេត្ត ដែលចង់បានកំពង់ផែនេសាទពីរទីតាំងផ្សេងគ្នា ដើម្បីសមស្របជាមួយភូមិសាស្រ្តអ្នកនេសាទក្នុងសមុទ្ររបស់ខេត្តយើង។

លោកបន្តថា គម្រោងសាងសង់ និងកែប្រែកំពង់ផែនេសាទទាំង២នេះ ស្ថិតក្នុងគម្រោង ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព របស់ADB ដែលគ្រោងចំណាយថវិកា១០០លានដុល្លារ លើខេត្តជាប់មាត់សមុទ្រទាំង៤ របស់ប្រទេសកម្ពុជា ដូចនេះការទាក់ទាញថវិការសម្រាប់មកអភិវឌ្ឍន៍ខេត្តនីមួយៗបានច្រើនប៉ុណ្ណា អាស្រ័យលើភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំខេត្តសាមី។

លោកបន្ថែមថា ក្រៅតែពីគម្រោងសាងសង់កំពង់ផែនេសាទទាំងពីរនេះ ភាគីទាំងពីរក៏កំពុងពិភាក្សាគ្នា លើការសាងសង់ការិយាល័យរដ្ឋបាលជលផល គម្រោងស្តារឡើងវិញនិងអភិរក្សព្រៃកោង និងគម្រោងអភិរក្សស្មៅសមុទ្រជាដើម៕ ដោយ ៖ ទ្រី ហៀន