បៃដិន ៖ ពូទីន នឹងបរាជ័យក្នុងការដណ្តើមគ្រប់គ្រងអ៊ុយក្រែន ខណៈអាមេរិកប្រកាសផ្តល់ជំនួយយោធាថ្មីដ៏ធំសម្បើម

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍បានប្តេជ្ញាថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងគ្មានថ្ងៃគ្រប់គ្រងអ៊ុយក្រែនបានជាដាច់ខាត ខណៈដែលសហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាថ្មីដ៏ធំសម្បើមដល់ទីក្រុងកៀវ។

លោក បៃដិន បានបញ្ជាក់ដូច្នេះថា ការរួបរួមរបស់យើងនៅផ្ទះជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ព្រមទាំងការរួបរួមរបស់យើងជាមួយប្រជាជនអ៊ុយក្រែន កំពុងផ្ញើសារដែលមិនអាចបំភ្លេចបានទៅកាន់លោក ពូទីន… គាត់នឹងគ្មានថ្ងៃទទួលបានជោគជ័យ ក្នុងការត្រួតត្រា និងកាន់កាប់អ៊ុយក្រែនទាំងមូលនោះឡើយ។

ការកត់សម្គាល់បែបនេះរបស់លោក បៃដិន បានកើតមានឡើងក្នុងឱកាសដែលលោកបានប្រកាសស្នើសុំសភាអាមេរិកសម្រាប់កញ្ចប់ថវិកាចំនួន ៣៣ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអង្វរសមាជិកសភាអនុម័តឱ្យឆាប់បំផុត។

សំណើខាងលើនេះនឹងកើនលើសទ្វេដង នៃកញ្ចប់ថវិកាចំនួន ១៣.៦ពាន់លានដុល្លារកាលពីលើកមុន ដែលជាជំនួយផ្នែកការពារជាតិ និងសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែន ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិច ដែលសភាបានអនុម័តកាលពីខែមុន៕