ច្រកកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់ផ្តើមបើកសាកល្បងនៅថ្ងៃនេះ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានជំនួបពិភាក្សារវាងអាជ្ញាធរកម្ពុជា ជាមួយខាងអាជ្ញាធរថៃក្នុងការបើកដំណើរការច្រកទ្វារព្រំដែនឡើងវិញ និងក្រោយពីមានការឯកភាពគ្នា នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់ជាមួយ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានបើកដាក់ឲ្យដំណើរការសាកល្បង ដើម្បីឲ្យពលរដ្ឋរវាងប្រទេសទាំងពីរ អាចចេញចូលជាធម្មតាឡើងវិញ ប៉ុន្តែមិនទាន់ប្រាដកថាបានល្អប្រសើរ១០០ភាគរយនោះទេ។

ក្នុងនោះលក្ខខណ្ឌខាងភាគីថៃតម្រូវឲ្យអ្នកមានលិខិតឆ្លងដែនក្តីត្រូវបង់ប្រាក់ក្នុងការបំពេញនូវទម្រង់បែបបទធានារ៉ាប់រងមានរយៈពេល៣ខែ, ៦ខែ, ១ឆ្នាំ និង២ឆ្នាំ ដើម្បីស្នើប័ណ្ណសុំចូលប្រទេសថៃ(Thailand Pass ) ស្រដៀងគ្នានឹងសុំទិដ្ឋាការ (Visa.ពីមុន ) ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀតផងដែរ។

ការស្នើសុំនេះ ត្រូវធ្វើតាមអនឡាញក្នុងកម្មវិធីទូរស័ព្ទ (App) របស់ខាងភាគីថៃ( ស្ថានទូត, នគរបាលអន្តោប្រវេសន៍, ក្រសួងសុខាភិបាល…) ហើយក្រោយស្នើសុំសាមីខ្លួនត្រូវរង់ចាំយ៉ាងតិច៤៨ម៉ោង ទើបអនុញ្ញាតឲ្យឆ្លងដែន។

អនុប្រធាននៃនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (នគរបាលអន្តោប្រវេសន៍) បានបញ្ជាក់ប្រាប់អង្គភាព “ភ្នំពេញដេលី” Phnom Penh Daily Media ថា អ្នកឆ្លងកាត់កន្លែងត្រួតពិនិត្យបែបបទឆ្លងដែនមុនគេ គឺពលរដ្ឋកម្ពុជាដែលជាអាជីវករប្រកបរបររកស៊ីនៅផ្សាររោងក្លឿ និងពលករខ្មែរដែលទៅស្វែងរកការងារធ្វើនៅឯទឹកដីថៃ ក្នុងខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជា។

ពួកគេ (ក្រុមអាជីវករ និងពលករខ្មែរ) ត្រូវបានអនុញ្ញាតឲ្យប្រើប័ណ្ណព្រំដែន (Border Pass) បន្ទាប់មកគឺអ្នកដំណើរ និងភ្ញៀវដែលប្រើប្រាស់លិខិតឆ្លងដែន (Passport) ហើយមានបំណងចូលទៅក្នុងប្រទេសថៃ ដើម្បីត្រួតពិនិត្យ ឬព្យាបាលជំងឺ, អ្នកទៅឆែកមើលមុខរបរឆ្លងកាត់ព្រំដែនឡើងវិញ និងអ្នកសាកល្បងដំណើរទេសចរណ៍ក្រោមគន្លងថ្មីនៃជំងឺកូវីដ១៩ ជាដើម។

យោងតាមការជូនដំណឹងរបស់ភាគីថៃ មានក្រសួងមហាផ្ទៃ, រដ្ឋបាលខេត្តស្រះកែវ, លទ្ធផលប្រជុំរបស់អាជ្ញាធរ កងកម្លាំងបូរ៉ផា សមត្ថកិច្ចជំនាញនានាថ្ងៃទី២៦-២៩មេសា២០២២ បានឲ្យដឹងថា ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកនឹងត្រូវបើកឱ្យអ្នកដំណើរ និងភ្ញៀវពលរដ្ឋប្រទេសទាំង២ ក៏ដូចជនបរទេសផ្សេងទៀត ក្នុងលក្ខខណ្ឌភ្ជាប់អាចដំណើរការឆ្លងដែនចេញ-ចូល រវាងប្រទេសទាំងពីរថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នេះតទៅ។ ពោលគឺភាគីថៃបានបើកច្រកព្រំដែនគោកសម្រាប់ប័ណ្ណព្រំដែន គឺកន្លង មកអាចចូលបានក្នុងរយៈពេល៧ថ្ងៃ ប៉ុន្តែខណៈក្នុងការបើកសាកល្បងនេះ គឺខាងភាគីថៃអនុញ្ញាតឲ្យតែបីថ្ងៃប៉ុណ្ណោះ ចំណែកលិខិតឆ្លងដែនអនុញ្ញាតឲ្យបានរយៈពេល១៤ថ្ងៃ ឬជាធម្មតា ។

ក្រសួងមហាផ្ទៃរបស់ប្រទេសថៃបានចេញលិខិតមួយចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ជូនប្រធានមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩(ស.ប.ខ) របស់ប្រទេសថៃ ស្តីពីខេត្តដែលនឹងត្រូវបើកច្រកព្រំដែនគោកចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ឡើងវិញដែលមានចំនួន១៧ខេត្ត ជាប់ព្រំប្រទល់ជាមួយខេត្តនានារបស់ប្រទេសម៉ាឡេស៊ី, ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។

ដោយឡែកសម្រាប់ខេត្តក្នុងប្រទេសថៃដែលមានព្រំប្រទល់ជាប់និងប្រទេសកម្ពុជា ហើយត្រូវបើកដំណើរការច្រកព្រំដែនឡើងវិញមានចំនួន៥ខេត្តដូចជា ខេត្តស៊ីសាកេត, ខេត្តសុរិន្ទ, ខេត្តស្រះកែវ, ខេត្តច័ន្ទបុរី និងខេត្តត្រាត ពោលគឺខេត្តដែលមានព្រំប្រទល់ជាប់គ្នានឹងខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ប៉ៃលិន និងកោះកុង បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជាង២ឆ្នាំ ដោយសារ តែវិបត្តិការរីករាលដាលនៃជំងឺកូវីដ-១៩៕ អត្ថបទ ៖ នាយកំសត់