ថ្ងៃនេះ ថៃ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី​ចំនួន​៩.៣៣១​ករណី ​និង​ស្លាប់​៨៤​នាក់​ទៀត​ ​

បាងកក​ ៖ ក្រសួងសុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០២ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន ៩.៣៣១​ករណី​បន្ថែមទៀត​និង​ស្លាប់​៨៤​នាក់ ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​យោងតាម​របាយការណ៍​ពី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន ៩.២៧៣​ករណី ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង ៥៨​ករណី​ទៀត​ជា​ករណី​នាំចូល ខណៈ​អ្នកជំងឺ​ចំនួន ២២,០២២​នាក់​ផ្សេងទៀត ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។​

​សូមជម្រាបថា រហូតមកទល់​ពេលនេះ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ កូ​វីដ​១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៤,២៧១,៨១៥​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ២៨,៧០១​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​គឺ ៤.១១៤.០៤៦ នាក់​៕