កងរាជអាវុធហត្ថខេត្តរតនគិរី ផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដល់សិស្សានុសិស្ស

ខេត្តរតនគិរី ពិធីផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ លើកដំបូង ឆមាសទី១ ក្នុងឆ្នាំ២០២២ ត្រូវបានផ្សព្វផ្សាយដល់សិស្សានុសិស្ស៤៥០នាក់ រៀននៅ វិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ក្រុងបានលុង។

     ពិធីនេះបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយលោក ហៃ វណ្ណរ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុង ដែលមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ លោក ខៃ ស៊ាងឃន់ អភិបាលរងក្រុងបានលុង លោក អ៊ិន ណែមរិន តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី ដឹកនាំដោយលោកវរសេនីយ៍ឯក កង សារ៉េត មេញ្ជាការង កងរាជអាវុធហត្ថខេត្ត។

     ក្នុងឱកាសនោះ លោក ខៃ ស៊ាងឃន់ អភិបាលរងក្រុង បានលើកឡើងថា គ្រឿងញៀន គឺជាបញ្ហាសង្គមដ៏ស្មុគស្មាញសំរាប់សង្គមជាតិទាំមូល ហើយស្ថានភាពនៃការផលិត ការចរាចរ ការប្រើប្រាស់ គឺស្របទៅតាមចរន្ត និងភាពរីកចំរើន នៃបច្ចេកវិទ្យា វិទ្យសាស្ត្រសង្គម និងសដ្ឋកិច្ច និន្នាការបែបនេះ គឺជាករប្រឈមដ៏លំបាកមួយ សម្រាប់ការអនុវត្តច្បាប់ ជាមួយបណ្ដាប្រទេសនានាចំពោះការកើនឡើងនូវការផលិត។

លោកបន្តថា ការប្រើប្រាស់គ្រឿងញៀនសំយោគ និងសារធាតុញៀនប្រភេទថ្មី វាធ្វើឲ្យប៉ះពាល់ប្រព័ន្ធសរសៃប្រាសាទ។ បើទោះជារាជរដ្ឋាភិបាលបានបន្តដាក់ចេញ នូវគោលនយោបាយ បទបញ្ជា និងវិធានការនានា ជាបន្តបន្ទាប់ ដូចជា គោលនយោបាយភូមិឃុំមានសុវត្ថភាព បទបញ្ជាលេខ០១ ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំគ្រឿងញៀនខុសច្បាប់ក្ដី ក៏ក្នុងគោលបំណងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។

     លោកវរសេនីយ៍ឯក កង សារ៉េត មេបបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ក៏បានបញ្ជាក់ថា គោលបំណងនៃការផ្សព្វនេះ គឺដើម្បីឲ្យសិស្សានុសិស្សជ្រួតជ្រៀបយល់ដឹងអំពីគ្រឿងញៀន និងផលប៉ះពាល់ពីគ្រឿងញៀន។ លោកក៏បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ គឺជាលើកដំបូង ក្នុងឆ្នាំ២០២២ ឆមាសទី០១ ហើយត្រូវផ្សព្វផ្សាយបន្តទាំង ០៩ស្រុក ក្រុង ក្នុងខេត្តរតនគិរី៕ ដោយ ភួង ផុន