
WHO ៖ វីរុសក្លាយពូជឆ្លងខ្លាំងជាង Delta រាលដាលដល់៤២ប្រទេស
បរទេស ៖ អង្គការសុខភាពពិភពលោក(WHO)បាននិយាយថាខ្លួនកំពុងតាមដានយ៉ាងដិតដល់ចំពោះវីរុសបំប្លែងខ្លួនក្លាយពូជពី Delta ដើម្បីកំណត់ថា តើវាឆ្លងខ្លាំងជាងប្រភេទដើមឬក៏អត់ ខណៈករណីឆ្លងកំពុងកើនឡើងទូទាំងពិភពលោក។
WHO ក៏កំពុងពិនិត្យមើលផងដែរថាតើ វ៉ាក់សាំងមានប្រសិទ្ធភាពអាចយកឈ្នះវីរុសក្លាយពូជ AY.4.2 ដែរឬទេ ខណៈគិតមកត្រឹមពេលនេះ វាត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងតិច ៤២ហើយរួមទាំងប្រទេស ថៃ ផងដែរ។
WHO បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពរោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនថា “ការកើនឡើងនៃករណីឆ្លងវីរុសក្លាយពូជ AY. 4.2 ត្រូវបានសង្កេតមើលចាប់តាំងខែកក្កដា មកម្ល៉េះ។ ការសិក្សាអំពីរោគរាតត្បាត និងមន្ទីរពិសោធន៍កំពុងបន្តដើម្បីពិនិត្យមើលថាតើ វីរុសក្លាយពូជនេះ អាចផ្លាស់ប្តូរការចម្លង ឬមានសមត្ថភាពធ្វើឲ្យអង់ទីគ័ររបសមនុស្ស ធ្លាក់ចុះដែរឬក៏អត់”។
គួរបញ្ជាក់ថា ពូជវីរុស AY. 4.2 មានធាតុបំប្លែងចំនួនបីបន្ថែមទៀត បើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួនដើម Delta៕