ក​.​អ​.​ក ​អំពាវនាវ​ដល់​ស្ថាប័​ន​ពាក់ព័ន្ធ​ប្រើប្រាស់​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ដើម្បី​ដំណើរការ​នីតិវិធី​លើ​បណ្តឹង​អ្នក​សារព័ត៌មាន​

ភ្នំពេញ ៖ ក្លឹប​អ្នកកាសែត​កម្ពុជា ​(​ក​.​អ​.​ក​)​ នៅក្នុង​សារ​នាឱកាស​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​៣​ឧសភា ឆ្នាំ​២០២២​នេះ បាន​អំពាវនាវ​ដល់​ភាគី​ពាក់​ព​ន្ធ័ ក៏ដូចជា​ស្ថាប​ន័​អនុវត្តន៍​ច្បាប់​ប្រើប្រាស់​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ដើម្បី​ដំណើរការ​នីតិវិធី​នៃ​ពាក្យបណ្តឹង​ប្រឆាំង​អ្ន​សារពត៌មាន​។​

តាម​សារ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​)​ បាន​លើកទ្បើង​ថា តាម​ការកត់ត្រា​ និង​សង្កេត​របស់ ​ក​.​អ​.​ក ឃើញថា រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ អ្នកសារព័ត៌មាន​ទាំងអស់​បាន​ខិតខំ​បំពេញការងារ​យ៉ាងសកម្ម និង​បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ក្នុងការ​ផ្តល់ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ទោះជា​វិបត្តិ​កូ​វីដ ១៩ បានធ្វើ​ឲ្យ​ការងារ​របស់​ពួកគេ​ជួប​ការលំបាក​យ៉ាងខ្លាំង​ក៏ដោយ​។ អ្នកសារព័ត៌មាន​នៅតែ​អាច​ដើរតួនាទី​ក្នុងការ​ផ្តល់ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វីដ ១៩, ការចាក់​វ៉ាក់សាំង និង​បញ្ហា​សង្គម សេដ្ឋកិច្ច​ជាច្រើន​ទៀត​ដោយ​ពួកគេ​បាន​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បី​បុព្វហេតុ​ផ្តល់ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​។ វិបត្តិ​កូ​វីដ​១៩ ក៏បានផ្តល់​មេរៀន​និង​បទពិសោធ​ថ្មីៗ ជាច្រើន​ដល់​អ្នកសារព័ត៌មាន​ក្នុងការ​បំពេញការងារ​ក្នុងស្ថានភាព​លំបាក ដែល​ពួកគេ​មិន​ធ្លាប់បាន​ជួបប្រទះ​កាលពីមុន​។ ក្លិប​អ្នកកាសែត​កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អ្នកសារព័ត៌មាន​ក្នុងដំណាក់កាល​ដ៏​លំបាក​នេះ​។​

​ទន្ទឹមនឹងនោះ ការរីកលូតលាស់​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ក៏​ជា​ចំណែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​វិស័យ​សារព័ត៌មាន​ឲ្យ​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ដែរ​។ អ្នកសារព័ត៌មាន​មួយចំនួន​ដែល​ពីមុន​មិនចេះ​ប្រើ​ឬ​មិន​ស្ទាត់​ក្នុង​ការប្រើ​កុំព្យូទ័រ​ឬ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដើម្បី​បម្រើ​ឲ្យ​ការងារ​របស់ខ្លួន បាន​ខិតខំ​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​លឿន​រហ័ស​រហូត​អាច​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ទាំងអស់នេះ​បាន​គ្រប់ៗ​គ្នា​ដើម្បី​សម្រួល​ការទទួល និង​ការផ្សាយ​ព័ត៌មាន​បាន​ឆាប់រហ័ស​ជាង​មុន​។ ចំណែកឯ​សារព័ត៌មាន​បែប​ប្រពៃណី ( កាសែត​បោះពុម្ព វិទ្យុ និង​ទូរទស្សន៍​) ក៏បាន​ខិតខំ​ផ្សារភ្ជាប់​ការងារ​របស់ខ្លួន​ទៅនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​រត់​ឲ្យ​ទាន់​ការវិវឌ្ឍ​ន៍​យ៉ាង​លឿន​រហ័ស​នៃ​បច្ចេកវិទ្យា​សម័យ​ទំនើប​។ បើទោះបីជា​កាសែត​មួយចំនួន​បាន​បញ្ឈប់​ការបោះពុម្ព ក៏​សារព័ត៌មាន​ទាំងនោះ​នៅតែ​អាច​បន្ត​ការ​ផ្សាយបាន​តាមរយៈ Digital Platform របស់ខ្លួន​ដដែល​។

​ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ ពោលគឺ​ចន្លោះ​ពីថ្ងៃ​ទី ៣ ខែ ឧសភា ឆ្នាំ ២០២១ ដល់​ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០២២ ក្លិប​អ្នកកាសែត​កម្ពុជា​ក៏បាន​កត់ត្រា​បញ្ហា​ដែល​បាន​កើតឡើង​ចំពោះ​អ្នកសារព័ត៌មាន ដែលមាន​ដូចខាងក្រោម​៖

១/ ពាក្យបណ្ដឹង​ប្រឆាំង​អ្នកសារព័ត៌មាន​៖ ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ មាន​ពាក្យបណ្តឹង​សរុប​៥ ករណី​ដែល​សុទ្ធសឹងតែ​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​សារព័ត៌មាន​ហើយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​ចំនួន​ពាក្យបណ្តឹង​មានការ​ថយចុះ​១​ករណី ។ គួរ​កត់សម្គាល់ថា ក្នុងចំណោម​ពាក្យបណ្ដឹង​ខាងលើ​គឺមាន​បណ្តឹង​ចំនួន​៤ ត្រូវបាន​ក្រសួង​ព័ត៌មាន​និង​ក្លិប​អ្នកកាសែត​កម្ពុជា​សហកា​រ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​រួចរាល់​។ ចំណែក​បណ្ដឹង​១​ករណី​ទៀត​កំពុងស្ថិត​ក្នុង​ដៃ​តុលាការ​នៅឡើយ​។

២/ ការឃាត់ខ្លួន​-​ចាប់ខ្លួន​៖ ការឃាត់ខ្លួន​និង​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ក្នុង​រយៈពេល​មួយឆ្នាំ​នេះ មាន​ចំនួន​៣៣​នាក់​។ ចំនួន​នេះ​បើ​ប្រៀបធៀប​ឆ្នាំមុន​មានការ​កើនឡើង​ចំនួន​៨ នាក់ ក្នុងនោះ មាន​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​ពេល​កំពុង Live ក្នុង​តំបន់ហាមឃាត់​។ ចំណែក​ការចាប់ខ្លួន​ដោយ​បទល្មើស​ផ្សេងៗ​ទៀត​មាន​ចំនួន​២​នាក់ គឺ​បទ​កាន់កាប់​អាវុធ​កែច្នៃ​ដោយ​ខុសច្បាប់​និង​ការ​ចែកចាយ​គ្រឿងញៀន​។ អ្នកសារព័ត៌មាន​៣០​នាក់​ផ្សេងទៀត​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​កំហែង​យក​ឬ​ជំរិត​ទារ ប្រាក់​។ យ៉ាងណាក៏ដោយ អ្នកសារព័ត៌មាន​ស្ទើរតែ​ទាំងអស់​ត្រូវបាន​ដោះលែង​វិញ​ក្រោយ​ឃាត់ខ្លួន​រយៈពេល​ខ្លី បន្ទាប់ពី​មាន​ការសម្របសម្រួលនិង​ធ្វើ​កិច្ចសន្យា​ចំពោះមុខ​សមត្ថកិច្ច​។​

៣/ ការប៉ះទង្គិច​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពេល​ចុះ​បំពេញការងារ​៖ មាន​អ្នកសារព័ត៌មាន​មួយចំនួន​បាន​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​កំឡុងពេល​ចុះ​អនុវត្តន៍​ច្បាប់ ឬ​រៀបចំ​សណ្ដាប់ធ្នាប់​សន្តិសុខ​សាធារណៈ នៅពេល​ពួកគេ​ចុះ​យក​ព័ត៌មាន ដូចជា​ករណី​ការចុះ​យក​ព័ត៌មាន​ក្នុងកំឡុងពេល ដែល​សមត្ថកិច្ច​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៃ​ការតវ៉ា​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល និង​ក្នុងកំឡុងពេល​រឹតបន្តឹង​វិធានការ​សុខាភិបាល​នៅពេល​កូ​វីដ​១៩ ផ្ទុះ​ខ្លាំង​កាលពីពេល​កន្លងទៅ​ជាដើម​។ ទោះយ៉ាងណា​ការប៉ះទង្គិច​គ្នា​នេះ​មិន​បង្កបញ្ហា​ធ្ងន់ធ្ងរ​ទេ​។

៤/ ការផ្អាក​អាជ្ញាប័ណ្ណ​៖ ក្រសួង​ព័ត៌មាន​សម្រេច​ផ្អាក​អាជ្ញា​ប​ណ្ណ័​សារព័ត៌មាន​ចំនួន​៥ ក្រោម​ហេតុផល​ផ្សព្វផ្សាយ​ព័ត៌មាន​បំពាន​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ ផ្ទុយ​ពី​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​។ ទោះយ៉ាងណា ស្ថាប​ន័សារ​ព័ត៌មាន​មួយ​ត្រូវបាន​ក្រសួង​អនុញ្ញាត​ឲ្យ​ដំណើរការ​ផ្សព្វផ្សាយ​ទ្បើង​វិញ​បន្ទាប់ពី​មានការ​សម្របសម្រួល​។​

បន្ទាប់ពី​សិក្សា​ទៅលើ​បញ្ហា​ទាំងឡាយ​ដែល​កើតឡើង ក្លិប​អ្នកកាសែត​កម្ពុជា​យល់ឃើញ​ថា រាល់​បញ្ហា​ដែល​បានកើត​ឡើង​គឺ​មួយផ្នែក​បណ្តាលមកពី​កំហុស​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន មួយផ្នែក​ទៀត​មកពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​មួយចំនួន​តូច​ដែល​មិន​យល់ច្បាស់​ពី​ការងារ​របស់​អ្នកសារព័ត៌មាន ហើយ​បាន​ចាត់វិធានការ​លើសលស់​មកលើ​អ្នកសារព័ត៌មាន ខណៈដែល​សមត្ថកិច្ច​ជាច្រើន​ទៀត​បាន​យល់​និង​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​អ្នកសារព័ត៌មាន​។ ចំណែក​បញ្ហា​មួយផ្នែក​ទៀត​បណ្តាលមកពី​ចំណាត់ការ​ផ្លូវច្បាប់​ប្រឆាំងនឹង​អ្នកសារព័ត៌មាន ដែល​មិន​អនុលោម​តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន​។​

​ ​ដូច្នេះ ដើម្បី​ធានា​ឲ្យ​ការអនុវត្ត​សេរីភាព​សារព័ត៌មាន​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​បានជា​ប្រយោជន៍​ដល់​សាធារណជន​និង​សង្គម ក្លិប​អ្នកកាសែត​កម្ពុជា​សូម​អំពាវនាវ​សារជាថ្មី​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​សូម​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ដើម្បី​រក្សា​តម្លៃ និង​សេចក្តីថ្លៃថ្នូរ​របស់​អ្នកសារព័ត៌មាន ក៏ដូចជា​បង្កើតបាន​នូវ​ជំនឿ​ចិត្ត​របស់​មហាជន​មកលើ​សារព័ត៌មាន​។

​ដោយ​យល់ឃើញថា ការពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​នៅតែ​ជា​សេចក្តីត្រូវការ​ចាំបាច់ ក្លិប​អ្នកកាសែត​កម្ពុជា​ទើបតែ​បានធ្វើ​បច្ចុប្បន្នភាព​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន ដោយ​បំពេញបន្ថែម​ចំណុច​មួយចំនួន​សម្រាប់​ជា​ជំនួយស្មារតី​ដល់​សមាជិក​សមាជិការ​បស់​ក្លិប​ក៏ដូចជា​អ្នកសារព័ត៌មាន​ទាំងអស់​ក្នុងពេល​អនុវត្ត​ការងារ​។​ទន្ទឹមនឹងនោះ ក្លិប​អ្នកកាសែត​កម្ពុជា​នឹង​បន្ត​បេសកកម្ម​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​បន្ថែមទៀត ដើម្បី​ចូលរួមចំណែក​ក្នុង​ការពង្រឹង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​ក៏ដូចជា​ពង្រឹង​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​ក្លិប​អ្នកកាសែត​កម្ពុជា ក៏​សូម​អំពាវនាវ​ដោយ​ទទូច​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មួយចំនួន​តូច​ដូច​បានលើកឡើង​ខាងលើ​សូម​ចាត់ទុក​អ្នកសារព័ត៌មាន​ជា​ដៃគូ និង​ផ្តល់​កិច្ចសហការ​បន្ថែមទៀត​ជាមួយ​អ្នកសារព័ត៌មាន​ដើម្បី​បើក​លំហ​នៃ​ការទទួល​និង​ការ​ផ្តល់ព័ត៌មាន​ពិត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ទូលំទូលាយ លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ក្នុងករណី​ដែលមាន​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​សារព័ត៌មាន សូម​ភាគី​ពាក់ព័ន្ធ​ក៏ដូចជា​ស្ថាប័ន​អនុវត្ត​ច្បាប់​ប្រើប្រាស់​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ដើម្បី​ដំណើរការ​នីតិវិធី​នៃ​ពាក្យបណ្តឹង​ប្រឆាំង​អ្នកសារព័ត៌មាន​។

​ក្លិប​អ្នកកាសែត​កម្ពុជា​យល់ឃើញ​ថា មានតែ​ការអនុវត្ត​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​រៀងៗ​ខ្លួន បូកផ្សំ​នឹង​ការយោគយល់​គ្នា និង​ការគោរព​ផ្តល់​តម្លៃ​គ្នា​ទៅវិញទៅមក​រវាង​អ្នកសារព័ត៌មាន​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទេ​ទើប​អាច​ធានាបាន​នូវ​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាពលរដ្ឋ​និង​សង្គម ក៏ដូចជា​ការបញ្ចៀស​បាន​នូវ​រាល់​បញ្ហា​ដែល​តែង​កើតឡើង​។​

​ក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២២ នេះ ក្លិប​អ្នកកាសែត​កម្ពុជា សូម​ចូលរួម​យ៉ាងសកម្ម​ក្លៀវក្លា​ជាមួយ​រាជរដ្ឋាភិបាល ក្រសួង​ព័ត៌មាន អង្គការ​យូណេស្កូ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​អបអរសាទរ​ទិវា​ដ៏​មាន​អត្ថន័យ​នេះ​ក្នុងន័យ​គាំទ្រ​និង​លើកស្ទួយ​វិជ្ជាជីវៈ​សារព័ត៌មាន ក៏ដូចជា​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ ក្លិប​អ្នកកាសែត​កម្ពុជា សូម​ប្រសិទ្ធ​ពរជ័យ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​នៅ​កម្ពុជា សូម​មាន​សុខ​ភាពល្អ និង​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព និង​សូម​ជួបតែ​ព្រះ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕