អ៊ុយក្រែនកំពុងស៊ើបអង្កេតករណីជាង៩០០០ នៃឧក្រិដ្ឋកម្មសង្រ្គាមដែលសង្ស័យប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី

កៀវ ៖ រដ្ឋអាជ្ញាអ៊ុយក្រែននិយាយថា ពួកគេកំពុងស៊ើបអង្កេតករណីជាង៩០០០ នៃឧក្រិដ្ឋកម្មសង្រ្គាមដែលសង្ស័យបានប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសរបស់ខ្លួន។ ជនសង្ស័យចំនួន៦២១នាក់ត្រូវបានកំណត់អត្តសញ្ញាណ រួមទាំងមន្ត្រីយោធាជាន់ខ្ពស់ និងអ្នកនយោបាយរុស្ស៊ីផងដែរ។

រដ្ឋអាជ្ញាបានបញ្ជាក់ថា អាជ្ញាធរអនុវត្តច្បាប់អ៊ុយក្រែនបានចុះបញ្ជីនីតិវិធីព្រហ្មទណ្ឌចំនួន ៩,២៤៧ករណីទៅជាឧក្រិដ្ឋកម្មឈ្លានពាន និងឧក្រិដ្ឋកម្មសង្រ្គាម គិតត្រឹមព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ។

កាលពីថ្ងៃអាទិត្យ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនលោកស្រី Iryna Venediktova បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ដំណើរការរបស់តុលាការបានចាប់ផ្តើមនៅក្នុងតំបន់ Kyiv, Sumy និង Chernihiv ដែលត្រូវបានរំដោះពីកងកម្លាំងរុស្ស៊ី ។ លោក ស្រី Venediktova បាននិយាយថា មនុស្ស១៥នាក់នឹងត្រូវបានកាត់ទោសនៅក្នុងតំបន់ Kyiv លើការចោទប្រកាន់ពីបទធ្វើទារុណកម្មបង្កអំពើហិង្សាផ្លូវភេទ និងការលួចប្លន់។ លោកស្រីបន្ថែមថា ការកាត់ទោសជនសង្ស័យជុំវិញការរឹបអូសរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl ក៏បានចាប់ផ្តើមផងដែរ៕