កូរ៉េខាងត្បូងសម្រេចដកកាតព្វកិច្ចពាក់ម៉ាស់នៅពេលចេញក្រៅផ្ទះ

សេអ៊ូល ៖ កូរ៉េខាងត្បូងបានសម្រេចដកកាតព្វកិច្ចពាក់ម៉ាស់នៅពេលចេញក្រៅផ្ទះពេញលេញហើយចាប់ពីថ្ងៃចន្ទដើមនេះតទៅ ខណៈពេលដែលករណីឆ្លងជំងឺកូវីដ១៩ថ្មីៗបានធ្លាក់ចុះ លើកលែងតែក្នុងស្ថានភាពដូចជាការជួបជុំមានមនុស្សចាប់ពី៥០នាក់ ឬច្រើនជាងនេះ។

នៅឧទ្យានមួយកន្លែងក្នុងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃចន្ទ មនុស្សដែលមិនពាក់ម៉ាស់ត្រូវបានគេឃើញជជែកជាមួយមិត្តភ័ក្តិរបស់ពួកគេ និងដើរលេងក្នុងអាកាសធាតុដែលមានសីតុណ្ហភាពពេលថ្ងៃកើនឡើងដល់ជិត២០អង្សាសេ។

រីឯសិស្សវិទ្យាល័យម្នាក់ដែលមិនបានពាក់ម៉ាស់បាននិយាយដែរថា នាងព្រួយបារម្ភបន្តិចបន្តួច ប៉ុន្តែវាពិតជាមានអារម្មណ៍ល្អណាស់ក្នុងការស្រូបខ្យល់អាកាសបរិសុទ្ធជាលើកដំបូងក្នុងរយៈពេលមួយសន្ទុះ។

ដោយឡែកក៏មានមនុស្សជាច្រើននាក់ផ្សេងទៀតនៅតែពាក់ម៉ាស់នៅពេលចេញក្រៅផ្ទះផងដែរ។ អ្នកខ្លះនិយាយថា ពួកគេនៅតែខ្លាចវីរុសកូរ៉ូណា ឬថា ការពាក់ម៉ាស់បានក្លាយជាផ្នែកមួយនៃទម្លាប់របស់ពួកគេទៅហើយ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានរាយការណ៍អំពីករណីឆ្លងថ្មីៗជាង២០,០០០ករណីកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ខណៈពេលដែលចំនួនករណីឆ្លងសរុបប្រចាំថ្ងៃ គឺក្រោម៣០,០០០ករណីជាលើកដំបូងចាប់តាំងពីដើមខែកុម្ភៈ។ ចំនួននេះបាននឹងកំពុងធ្លាក់ចុះពីកម្រិតខ្ពស់បំផុតនៅពាក់កណ្តាលខែមីនា នៅ ពេលដែលវាបានកើនឡើងដល់៦០០,០០០ករណី៕