អភិបាលខេត្តស្វាយរៀងណែនាំឲ្យមន្ត្រីពាក់ព័ន្ធបង្កើនសកម្មភាពទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២ ខែឧសភា ម្សិលមិញនេះ បានចេញសេចក្ដីណែនាំទៅដល់បណ្ដាសមត្ថកិច្ចជំនាញ់ពាក់ព័ន្ធ ត្រូវបង្កើនសកម្មភាពបន្ថែមទៀតជុំវិញការទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង ខណៈកន្លងមកសកម្មភាពទាំងនេះបានកើតឡើងស្ទើរជារៀងរាល់ថ្ងៃ។

ជាស្ដែងកាលពីកន្លងទៅថ្មីៗនេះ ក្រុមឈ្មួញនាំសត្វជ្រូកពីប្រទេសវៀតណាមរាល់ថ្ងៃដូចហែកឋិន ក្នុង ១ថ្ងៃៗ រាប់រយក្បាល គឺ៣០០ក្បាលទៅ៦០០ក្បាល ដឹកតាមរថយន្តសាំយ៉ុង ដោយដឹកពីព្រំដែនក្រសាំងជ្រំឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ រួចផ្ទេរដាក់រថយន្តធំដឹកទៅរាជធានីភ្នំពេញ។

ក្រុមឈ្មួញបាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែនចែកខេត្ត គឺភូមិក្រាំងលាវ ស្រុកពង់ត្របែក ខេត្តព្រៃវែង និងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

យោងតាមសេចក្ដីណែនាំនៅថ្ងៃទី២ ខែឧសភាម្សិលមិញនេះ អាជ្ញាធរខេត្តបានណែនាំដល់បណ្ដាសមត្ថកិច្ចពាក់ព័ន្ធ រួមនឹងមន្ទីរ-មន្ត្រីជំនាញ ត្រូវត្រួតពិនិត្យ និងហាមឃាត់ឲ្យបានចំពោះសកម្មភាពនាំចូលនូវសត្វជ្រូក និងសាច់ជ្រូក ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅតាមទីតាំងច្រករបៀងជាប់ព្រំខេត្ត។ ចំពោះអ្នកដែលមិនសហការនឹងត្រូវចាត់វិធានការចំពោះអ្នកប្រព្រឹត្តិនោះចំពោះមុខច្បាប់៕ ដោយ ៖ ភក្តី