ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៩,២៨៨នាក់ និងស្លាប់៨២នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,២៨៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៩,២៦៨ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ២០ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៨២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១៩,១១៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,២៩០,៨២៤ ករណី ក្នុងនោះមានអ្នកស្លាប់ ២៨,៨៦០នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.១៥លាននាក់។

គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៣លានដូស ក្នុងនោះប្រជាជនជាង ៥១.២២លាននាក់ (៧៣.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៥.៩៥លាននាក់ (៣៧.២%) បានចាក់ដូសជំរុញ៕