នាយករដ្ឋមន្ត្រីអង់គ្លេស ៖ អ៊ុយក្រែននឹងឈ្នះសង្គ្រាមជាមួយរុស្ស៊ី

ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃអង្គារបានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់សភាអ៊ុយក្រែន តាមរយៈតំណរភ្ជាប់វីដេអូថា អ៊ុយក្រែននឹងយកឈ្នះសង្រា្គមជាមួយរុស្ស៊ី ហើយក្លាយជាប្រទេសសេរីម្ដងទៀត។

លោក ចនសុន ដែលបានប្រកាសផ្តល់ជំនួយយោធាប្រមាណ ៣០០លានផោន ឬស្មើនឹង ៣៧៥លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន បាននិយាយថា អង់គ្លេសនឹងបន្តផ្គត់ផ្គង់សម្ភារៈយោធាដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ី។

ជាមួយនេះ លោក ចនសុន បានថ្លែងដោយយោងតាមសម្រង់សន្ទរកថាដែលផ្តល់ដោយការិយាល័យរបស់លោកយ៉ាងដូច្នេះថា ខ្ញុំមានសារមួយសម្រាប់អ្នកនៅថ្ងៃនេះ៖ អ៊ុយក្រែននឹងឈ្នះអ៊ុយក្រែន… នឹងមានសេរីភាព។

នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានបញ្ជាក់ទៀតថា អ្វីដែលគេហៅថា កម្លាំងដែលមិនអាចទប់ទល់បាននៃម៉ាស៊ីនសង្គ្រាមរបស់លោក ពូទីន បានវាយលុកលើវត្ថុដែលមិនអាចបំបែកបាន នោះគឺការស្នេហាជាតិ និង សេចក្តីស្រឡាញ់ ប្រទេសអ៊ុយក្រែន៕