វិធានការពង្រឹង និងទប់ស្កាត់បទល្មើសព្រៃឈើពុំទាន់មានប្រសិទ្ធភាព ខណៈមានការបែកធ្លាយឃ្លាំងស្តុកឈើដ៏ធំរបស់ឈ្មួញឈ្មោះ ប៊យ មករា កណ្តាលក្រុងបានលុង

ខេត្តរតនគិរី ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានឃ្លាំងស្តុកឈើដ៏ធំមួយកន្លែងស្ថិតនៅភូមិភ្នំ សង្កាត់បឹងយក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ក្រុមការងារអង្គភាពសារកព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media បានចុះទៅដល់ចំណុចទីតាំងខាងលើ និងប្រទះឃើញមានឃ្លាំងឈើដូចសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋដែលតាមប្រភពអះអាងថា គឺជាឃ្លាំងរបស់ឈ្មួញរកស៊ីឈើឈ្មោះ ប៊យ មករា។

ប្រភពនិយាយថា ឈើទាំងនេះ គឺលោក ប៊យ មករា បានធ្វើការប្រមូលទិញ និងដឹកជញ្ជូនមកពីស្រុកវើនសៃ បន្ទាប់មកទើបលើកដាក់រថយន្តធ្វើការដឹកជញ្ជូនបន្តនាំទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាមតាម ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូនបំផុត។

ទោះយ៉ាងណាព័ត៌មាននេះ ចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ លោក ហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី, លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី នូវ តារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ពិសេសគឺឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដើម្បីមានវិធានការចុះបង្ក្រាប ទប់ស្កាត់ការកាប់បំផ្លិចបំផ្លាញព្រៃឈើ និងសកម្មភាពជួញឈើខុសច្បាប់។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង៨ និង៥០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងចម្រុះគណៈបញ្ហាការឯកភាពក្រុងបានលុង ដឹកនាំដោយលោក ពុត ដានី អភិបាលរងក្រុងបានចុះល្បាតក៏ប្រទះឃើញរថយន្តសាំយ៉ុងពណ៌ស០១គ្រឿងកំពុងធ្វើចរាចរនៅចំណុចភូមិដា សង្កាត់បឹងកន្សែង ក្រុងបានលុង ដោយមានការសង្ស័យកម្លាំងល្បាតបានឃាត់ដើម្បៅធ្វើការត្រួតពិនិត្យ និងរកឃើញមានផ្ទុកឈើជាច្រើនកំណាត់ ជាប្រភេទឈើសុក្រម និងគគីរ ដែលម្ចាស់រថយន្តមានឈ្មោះ មករា បានដឹកជញ្ជូនចេញពីស្រុកវើនសៃ ឆ្លងកាត់ក្រុងបានលុង បម្រុងនាំចេញទៅលក់នៅប្រទេសវៀតណាមដឹកចេញតាមច្រកអូរយ៉ាដាវ។

បច្ចុប្បន្នវត្ថុតាងមានដូចជា រថយន្តសាំយ៉ុងចំនួន០១គ្រឿង ឈើចំនួន២១ដុំ ស្មើនឹង ៣,៩៧៧ ម៉ែត្រគូប ត្រូវបានអូសរឹបយករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងលេខ ២៧៣៦ កសក ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ស្តីពី “វិធានការពង្រឹង ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងជនផល” នៅទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើការពង្រឹងការគ្រប់គ្រងធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផលឲ្យបានល្អប្រសើរ៕ ដោយ ៖ មុន្នីឧត្តម