ថៃបន្តរកឃើញ​អ្នក​ឆ្លង​កូ​វីដ​ចំនួន ៨.៩៦៨ករណីបន្ថែមទៀត និង​ស្លា​​ប់៦៤នាក់ក្នុងរបាយការណ៍ថ្ងៃនេះ​

បាងកក ​៖ ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ពីការបន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ១៩ ចំនួន៨.៩៦៨ករណីបន្ថែមទៀត និង​អ្នកស្លាប់​ចំនួន៦៤នាក់ទៀតផងដែរ​ ក្នុង​រយៈពេល២៤ ម៉ោងចុងនេះ​។​ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

បើតាមក្រសួងសុខាភិបាល​ថៃ​បញ្ជាក់ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ៨.៧៤៧ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៨៦៥.០៧៨ នាក់​ដែល​ក្នុងនោះ ១.៧៤៨.១៤៤ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៨.៩៧៦ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៩.០៧០ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕