ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នឹងបើកដំណើរការជាផ្លូវការឡើងវិញនៅព្រឹកនេះ

ខេត្តឧត្តរមានជ័យ ៖ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នឹងបើកដំណើរការឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០ ៖ ៣០នាទីនេះតទៅ បន្ទាប់ពីជំនួបពិភាក្សាគ្នារវាងអាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តសុរិន្ទ ប្រទេសថៃ។

នៅក្នុងជំនួបពិភាក្សានារសៀលនារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ អាជ្ញាធរកម្ពុជាដឹកនាំដោយ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ចំណែកអាជ្ញាធរថៃ ដឹកនាំដោយឯកឧត្ដម ស៊ុវ៉ៈផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងជំនួបពិភាក្សានាឱកាសនេះ ភាគីទាំង២ បានធ្វើការឯកភាពគ្នា នឹងបើកដំណើរការច្រកអន្តរជាតិអូរស្មាច់ឡើងវិញ ចាប់ពីម៉ោង ១០ ៖ ៣០នាទីព្រឹកនេះតទៅ។

ការបើកដំណើរការចេញចូលច្រកអន្តរជាតិអូរស្មាច់ឡើងវិញនេះ ភាគីថៃតម្រូវឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសថៃ ចំពោះអ្នកកាន់កាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) តម្រូវឱ្យមានលិខិតថៃឡង់ផាស (Thailand Pass) ប័ណ្ណធានារ៉ាប់រងសុខភាព និងប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសត្រឹមត្រូវ អាចដើរពេញប្រទេសថៃ ចំណែកប្រជាពលរដ្ឋដែលប្រើប័ណ្ណព្រំដែន (Border Pass) អាចស្នាក់ប្រទេសថៃបានចំនួន៣ថ្ងៃ និងមានប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសផងដែរ។

ជាមួយគ្នានេះឯកឧត្ដម ប៉ែន កុសល្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ដែលមិនមានប័ណ្ណព្រំដែន (Border Pass) អាចទំនាក់ទំនងធ្វើនៅស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអូរស្មាច់បាន ចៀសវាងកុំឱ្យចំណាយពេលវេលាទៅធ្វើនៅច្រកចេញចូលតែមួយសាលាខេត្តឧត្តរមានជ័យ៕ ប្រភព ៖ រដ្ឋបាលខេត្ត