WHO ៖ ជំងឺរាតត្បាត COVID-19 បានសម្លាប់មនុស្សជិត១៧ លាននាក់ក្នុងរយៈពេល២ឆ្នាំ

ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប៉ាន់ប្រមាណថា ជំងឺរាតត្បាតកូវីដ១៩ បានសម្លាប់មនុស្សចន្លោះពី១៣.៣លាននាក់ទៅ១៦.៦លាននាក់ ក្នុងឆ្នាំ២០២០ និង២០២១ ដែលជាចំនួនច្រើនជាងបីដង នៃចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ដោយផ្ទាល់ដោយសារជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «ការប៉ាន់ប្រមាណថ្មី ពីអង្គការសុខភាពពិភពលោកបង្ហាញថា ចំនួនអ្នកស្លាប់ទាំងសរុបដែលទាក់ទងដោយផ្ទាល់ ឬដោយប្រយោលដោយសារជំងឺរាតត្បាតកូវីដ១៩ ចន្លោះថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺមានចំនួនប្រហែល១៤.៩លាននាក់ (ចន្លោះពី១៣.៣លាននាក់ទៅ១៦.៦លាននាក់)»។

ការប៉ាន់ប្រមាណដែលរង់ចាំជាយូរមកហើយរបស់ WHO អំពីចំនួនអ្នកស្លាប់សរុប ដែលបណ្តាលមកពីជំងឺរាតត្បាតផ្ទាល់ និងរាប់បញ្ចូលទាំងមនុស្សបាត់បង់ជីវិតដោយសារផលប៉ះពាល់របស់វាផងដែរនោះ ទីបំផុតបានផ្តល់តួលេខកាន់តែទូលំទូលាយសម្រាប់ផលប៉ះពាល់នៃវិបត្តិ៕