ចូ បៃដិន ៖ ភ្លើងឆេះព្រៃដែលកំពុងបន្តនៅរដ្ឋ New Mexico ជាគ្រោះមហន្តរាយដ៏ធំ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងថ្ងៃពុធប្រកាសថា ភ្លើងឆេះព្រៃដែលមានរយៈពេលជាច្រើនសប្តាហ៍នៅក្នុងរដ្ឋ New Mexico ភាគនិរតី “ជាគ្រោះមហន្តរាយដ៏ធំមួយ” ខណៈកំពុងត្រៀមកញ្ចប់ថវិការាប់លានដុល្លារក្នុងការផ្តល់ជំនួយដល់បុគ្គលដែលរងផលប៉ះពាល់ និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះក្នុងតំបន់។

ជំនួយរបស់សហព័ន្ធអាចរួមបញ្ចូលជំនួយសម្រាប់លំនៅដ្ឋានបណ្តោះអាសន្ន និងការជួសជុលផ្ទះ ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីគ្របដណ្តប់ការខាតបង់ទ្រព្យសម្បត្តិដែលមិនមានធានារ៉ាប់រង និងកម្មវិធីផ្សេងទៀតដើម្បីជួយប្រជាជនក្នុងតំបន់ និងម្ចាស់អាជីវកម្មឱ្យងើបឡើងវិញពីការខូចខាតបង្កដោយភ្លើងឆេះព្រៃ។

ជាមួយគ្នានេះ អភិបាលរដ្ឋ New Mexico លោកស្រី មីឆែល លូជែន គ្រីហ្សែម បានស្នើសុំការប្រកាសដាក់រដ្ឋក្នុងគ្រាមានគ្រោះមហន្តរាយដល់ប្រធានាធិបតីអាមេរិកនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ។មជ្ឈមណ្ឌលជាតិអន្តរការីអគ្គីភ័យបានបញ្ជាក់ថា ភ្លើងឆេះព្រៃចំនួន០៧កំពុងឆាបឆេះនៅតាមបណ្តារដ្ឋជាប់ភ្នំ។

ក្នុងចំណោមភ្លើងឆេះព្រៃទាំងអស់ មានភ្លើងឆេះព្រៃដ៏ធំចំនួន០២ ឈ្មោះថា ហ្កាស់ ខេននីយ៉ុន (Calf Canyon) និង ហឺមីតស៍ ភីក (Hermits Peak) បានចាប់ផ្តើមនៅពាក់កណ្តាលខែមេសា ហើយបានបញ្ចូលគ្នាជាងមួយសប្តាហ៍មុននៅភាគខាងជើងនៃរដ្ឋ New Mexico ដែលជាកន្លែងមានខ្យល់បក់ខ្លាំងរយៈពេល២៤ម៉ោងក្នុងរយៈពេល៣០ថ្ងៃចុងក្រោយនេះ។ អាជ្ញាធរបាននិយាយថា ពេលនេះភ្លើងបានឆាបឆេះផ្ទៃដីជាង ៦៤,៧៥០ហិកតា និងសំណង់អគាររាប់រយខ្នង៕