WHO អំពាវនាវដល់ក្រុម​ប្រទេស G20 ​ផ្តល់​មូលនិធិ​ដល់​គម្រោង​ ២៣.៤ ពាន់​លាន​ដុល្លារសម្រាប់​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​

ញ៉ូ​វ​យ៉​ក ​៖ អង្គការ​សុខភាព​ពិភពលោក (WHO) និង​ដៃគូ​ផ្សេងទៀតកាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញបាន​អំពាវនាវ​ដល់​មេដឹកនាំ​នៃ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង២០របស់​ពិភពលោកឱ្យ​ផ្តល់​មូលនិធិ​ដល់​គម្រោង​ចំនួន២៣.៤ ពាន់​លាន​ដុល្លារ ដើម្បី​នាំយក​វ៉ាក់សាំង ឧបករណ៍​ធ្វើតេស្ត និង​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ ទៅកាន់​ប្រទេស​ក្រីក្រ ក្នុង​រយៈពេល១២ខែ​ខាងមុខ​។​ នេះពើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuter។

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បាន​និយាយថា ក្រុម​ប្រទេស G20 ដែល​មេដឹកនាំ​គ្រោង​ប្រជុំ​នៅ​ទីក្រុង រ៉ូម ចុង​សប្ដាហ៍​នេះ សុទ្ធសឹងតែ​មានអំណាច​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ ដែល WHO ត្រូវការ ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​នេះ ដោយ​លោក បាន​និយាយថា ផែនការ​នេះ​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន ៥ លាន​នាក់​។​

បើតាម លោក Carl Bildt ជា​បេសកជន​ពិសេស​របស់​អង្គការ​សុខា​ភាព​ពិភពលោក WHO ប្រចាំ​អង្គការ ACT-Accelerator បាន​និយាយថា សំណើ​នេះ​គឺមាន​តម្លៃ ២៣.៤ ពាន់​លាន​ដុល្លារ​។ លោក​បញ្ជាក់ថា នេះ​ជា​ចំនួន​ដ៏​សមរម្យ​មួយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រៀបធៀប​ជាមួយនឹង​ការខូចខាត​ចំពោះ​សេដ្ឋកិច្ចពិភពលោក ដោយ​ជំងឺ​រាតត្បាត​នេះ វា​ពិតជា​មិន​ច្រើន​នោះទេ​។

ដោយឡែក បើតាមប្រធាន​ផ្នែក​វិទ្យាសាស្ត្រ WHO លោកស្រី Soumya Swaminathan បាន​ឲ្យ​ដឹងថា គម្រោង COVAX ដែល​ផ្តោតលើ​ការចែក​ចាយ​វ៉ាក់សាំង​របស់​អង្គការ ACT-A បាន​ចែកចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ប្រហែលជា៤០០លាន​ដូ​ស​ដល់​ប្រទេស​ចំណូល​ទាប និង​ជា​មធ្យម​ជាង១៤០នៅ​ទូទាំង​ពិភពលោក ដែល​ចំនួន​នេះ​មាន​កម្រិត​ទាប​នៅឡើយ​៕