
Hun Sen Cup ថ្នាក់ជាតិឆ្នាំនេះ កែប្រែនូវប្រព័ន្ធប្រកួតថ្មីខ្លីជាងមុន
ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ នេះគ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី៩ ខែវិច្ឆិកាខាងមុខជាមួយការកែប្រែនូវប្រព័ន្ធប្រកួតថ្មីខ្លីជាងមុន ដោយគ្រោងប្រើពេលត្រឹមតែ ១៧ថ្ងៃប៉ុណ្ណោះដើម្បីកំណត់រកក្រុមជើងឯក ពោលគឺការប្រកួតគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។
យោងតាមមន្ដ្រីគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិឆ្នាំនេះនឹងប្រើរូបមន្ដប្រកួតចាញ់-ធ្លាក់តែម្ដងសម្រាប់វគ្គ ១៦ក្រុម និងវគ្គ ៨ក្រុម ខណៈវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គ ៤ក្រុមចុងក្រោយ ក្រុមឈ្នះនឹងត្រូវឡើងទៅជួបគ្នាដណ្ដើមជើងឯក ខណៈក្រុមចាញ់នឹងត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣។
ចំពោះបេក្ខភាពវគ្គ ១៦ក្រុមចុងក្រោយនៃពានសម្ដេចតេជោ-ថ្នាក់ជាតិឆ្នាំនេះ រួមមានក្លិបលីគកំពូលកម្ពុជាទាំង១៣ គឺមាន ៖ ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត, ណាហ្គាវើលដ៏, អង្គរថាយហ្គឺរ, កងយោធពលខេមរភូមិន្ទ, គិរីវង់, នគរបាលជាតិ, អាស៊ីអឺរ៉ុប, អគ្គិសនីកម្ពុជា, ព្រៃវែង និងសូលទីឡូអង្គរ រួមជាមួយក្លិបឡើងមកពីពានថ្នាក់ខេត្ត ៣ក្រុម គឺមានក្រុមជើងឯកកោះកុងអេហ្វស៊ី, ត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ៕