វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤,៨៩៩ករណីបន្ថែមទៀត និងស្លាប់៥៦នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន៤,៨៩៩ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៥៦នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១០ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះ មានចំនួន៩៧៧នាក់។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩១០,៣៧៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨១៦,១៣២នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២១,៩៦៦នាក់៕