
សាខាចំនួន៧ នៃធនាគារឯកជន KBZ នៅមីយ៉ាន់ម៉ាត្រូវបានបំផ្ទុះដោយជនមិនស្គាល់អត្តសញ្ញាណ
ណៃពិដោ ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មីយ៉ាន់ម៉ាបានឱ្យដឹងថា សាខាចំនួន៧ នៃធនាគារឯកជន KBZ ត្រូវបានបំផ្ទុះដោយអ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណនៅកណ្តាលទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា។
កាសែត Myanmar Now បានរាយការណ៍ថា ហេតុការណ៍នេះ បានកើតឡើង ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ធនាគារឯកជនរបស់ប្រទេសនេះបានចាប់ផ្តើមផ្ទេរព័ត៌មានអំពីអតិថិជនរបស់ពួកគេទៅកាន់រដ្ឋាភិបាលយោធា។
សារព័ត៌មាន បានកត់សម្គាល់ថា អាជ្ញាធរមីយ៉ាន់ម៉ាបានទាមទារឱ្យមានការលាតត្រដាងព័ត៌មាននេះ ដើម្បីតាមដានការផ្តល់មូលនិធិនៃសកម្មភាពប្រឆាំងរដ្ឋាភិបាល។ កាសែតដដែលបន្ថែមថា គណនីមួយចំនួនដែលបានប្រើប្រព័ន្ធទូទាត់តាមអ៊ីនធឺណិតរបស់ធនាគារ KBZ Pay ដើម្បីផ្ទេរប្រាក់ទៅសមាជិកនៃចលនា ដោយមិនគោរពច្បាប់នឹងត្រូវបានផ្អាកផងដែរ។
យ៉ាងណាក៏ដោយមកដល់ពេលនេះ អាជ្ញាធរមីយ៉ាន់ម៉ានៅមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញការផ្ទុះនេះនៅឡើយទេ ហើយក៏មិនទាន់មានក្រុមដែលប្រតិបត្តិការនៅក្នុងតំបន់នោះណាមួយ ចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយដែរ។
គួរបញ្ជាក់ថា យោធាបានឡើងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ ខែ កុម្ភៈ ក្រោមលេសថា គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលកំពុងកាន់អំណាចនៅពេលនោះ បានរៀបចំការបោះឆ្នោតជាសកលក្លែងក្លាយ នៅ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ បន្ទាប់មករដ្ឋប្រហារយោធាបានបង្កឲ្យមានរលកនៃការតវ៉ាស៊ីវិល និងបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់៕