រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលជំនួយឧបត្ថម្ភពីសប្បុរសជន ដើម្បីរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ-១៩

ខេត្តមណ្ឌលគិរី ៖ ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានទទួលជំនួយឧបត្ថម្ភ ពី គម្រោងមណ្ឌលដួងចិត្ត អេកូរីសតន៍ និង វីឡា ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត នាយរដ្ឋបាលសាលាខេត្ត និងម្ចាស់គម្រោងមណ្ឌលដួងចិត្ត អេកូរីសតន៍ និង វីឡា នៅសាលាខេត្តមណ្ឌលគិរី។

នាឱកាសនោះ ឯកឧត្ដម ថង សាវុន អភិបាល នៃអភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់ ម្ចាស់គម្រោងមណ្ឌលដួងចិត្ត អេកូរីសតន៍ និង វីឡា ដែលបានឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងកូវីដ-១៩ ថ្នាក់ ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩ នេះ។ ទន្ទឹមនោះ ឯកឧត្តមក៏បានអំពាវនាវដល់ម្ចាស់គម្រោងមណ្ឌលដួងចិត្ត អេកូរីសតន៍ និងវីឡា សូមបន្តជួយឧបត្ថម្ភគាំទ្រជាបន្តទៀត និងជួយរៀបចំកែលម្អបរិស្ថាន ក្នុងខេត្តមណ្ឌលគិរីឲ្យមានភាពទាក់ទាញ ភ្ញៀវទេសចរចូលមកកម្សាន្តបានកាន់តែបន្ថែមទៀត។

សូមបញ្ជាក់ថា ជំនួយឧបត្ថម្ភដែលគម្រោងមណ្ឌលដួងចិត្ត អេកូរីសតន៍ និងវីឡា ជូនរដ្ឋបាលខេត្ត រួមមាន ៖ អង្ករ០៤តោន ទឹកត្រីចំនួន១០០យូរ ទឹកស៊ីអ៊ីវ ១០០យួរ និងមីចំនួន១០០កេស៕