ខ្លាំងមែន! បិទហើយបើកវិញ ល្បែងជល់មាន់បង្កប់អាប៉ោងនៅស្រុកស្រែអំបិល តើជាការត្រូវរ៉ូវគ្នា ឬក៏មិនដឹង..?

ខេត្តកោះកុង ៖ មហាជនបានសម្តែងការគាំទ្រចំពោះចំណាត់ការរបស់លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល ដែលបានចុះបង្ក្រាបទីតាំងល្បែងជល់មាន់បង្កប់អាប៉ោងមួយកន្លែងស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីដំណើរការបានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

ប៉ុន្តែរឿងដែលមហាជនហួសចិត្តនោះគឺថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីបិទបានតែមួយថ្ងៃគត់ ស្រាប់តែសង្វៀនជល់មាន់បង្កប់អាប៉ោងខាងលើអាចបើកដំណើរការឡើងវិញយ៉ាងរលូន ពិតជាខ្លាំងមែនមិនដឹងថា តើជាការត្រូវរ៉ូវគ្នា ឬក៏អាជ្ញាធរមូលដ្ឋានមិនដឹង (នេះបើតាមប្រភពដែលអង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media , www.ppd-news.net ) ទទួលបាន។

ពាក់ព័ន្ធល្បែងជល់មាន់បង្កប់អាប៉ោងនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិលនេះដែរ អធិការនគរបាលស្រុកស្រែអំបិល លោកវរសេនីយ៍ឯក ហួន នុន បានប្រាប់ “ភ្នំពេញដេលី” Phnom Penh Daily Media , www.ppd-news.net តាមប្រព័ន្ធទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះថា សមត្ថកិច្ចបានចុះបង្ក្រាបអស់ហើយ មិនមានទៀតទេ បើមានសូមជួយរាយការណ៍ សមត្ថកិច្ចនឹងចុះបង្ក្រាបភ្លាម។

ដោយឡែកលោក អ៊ី សារុំ នាយផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកស្រែអំបិលបានបញ្ជាក់ប្រាប់កាលពីវេលាម៉ោង ១១ ៖ ២២នាទី នៅថ្ងៃនេះថា លោកអត់បានដឹងទេដោយជាប់រវល់បេសកកម្មនៅខេត្តកោះកុង។

ចំណែកអភិបាលស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា មិនអាចស្វែងរកដើម្បីសុំការពន្យល់ពាក់ព័ន្ធច្បាប់អនុញ្ញាតបើកល្បែងជល់មាន់បង្កប់អាប៉ោងនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បានទេគិតត្រឹមម៉ោងផ្សាយនេះ ព្រោះពុំមានលេខទូរស័ព្ទ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក៏ដូចជាលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកនាយការិយាល័យទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ក៏មិនអាចស្វែងរកដើម្បីរាយការណ៍ និងសុំការបញ្ជាក់បានទេនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ព្រោះមិនមានលេខទូរស័ព្ទ ហើយលេខប្រចាំការ ០៩៦៥២៧០៨០០ ខលគ្មានអ្នកលើក៕