វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥,៥១៩ករណីបន្ថែមទៀត និងស្លាប់៥៣នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យម្សិលមិញ បានប្រកាសរកឃើញករណីឆ្លង ជំងឺកូវីដ១៩ ចំនួន៥,៥១៩ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន៥៣នាក់ទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៥ករណីប៉ុណ្ណោះ ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញ ដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានចំនួន១,០៤១ នាក់។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩២១,១២២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨២០,៣៣៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,០៨៣នាក់៕