
ថៃ រកឃើញអ្នកទោសឆ្លងកូវីដបម្លែងខ្លួនថ្មី «Alpha Plus»
បាងកក ៖ ថៃប្រកាសរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ក្លាយពូជថ្មី ប្រភេទ Alpha Plus លើអ្នកទោស២នាក់ នៅពន្ធនាគារ Chiang Mai Central ក្នុងខេត្ត ឈៀងម៉ៃ ដែលករណីទាំង២នេះ ត្រូវបានរកឃើញកាលពីចុងខែមុន។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
វេជ្ជបណ្ឌិតជំនួយការមន្ត្រីសុខាភិបាលសាធារណៈថៃ លោក Kittipan Chalom បានឲ្យដឹងថា អ្នកជំងឺម្នាក់ បានលាប់ជំងឺកូវីដ-១៩ ខណម្នាក់ទៀតជាអ្នកពាក់ព័ន្ធ និងមើលថែគាត់ ក៏លាប់ដូចគ្នាដែរ។ លោកបន្តថា អ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ អាចផ្ទុកមេរោគនេះក្នុងរយៈពេលយូរ ដូច្នេះវីរុសបម្លែងខ្លួនថ្មីនេះអាចវាយលុករាងកាយបានយ៉ាងងាយផងដែរ។
ដោយឡែក អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ លោកវេជ្ជបណ្ឌិត Supakit Sirilak បានបង្ហាញថាវីរុសប្រភេទ Alpha Plus នេះគឺជាវីរុសបម្លែងខ្លួនក្លាយពូជពីប្រភេទ Alpha ហើយមានសមត្ថភាពធន់ជាមួយប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ ទោះជាយ៉ាងណា ក៏ដោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ លោក Anutin Charnvirakul បានបញ្ជាក់ថា អាជ្ញាធរអាចគ្រប់គ្រងការកើនឡើងនៃមេរោគនេះនៅ ឈៀងម៉ៃ បាន៕