ថ្នាក់ដឹកនាំ ស.ស.យ.ក ខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ សមាជិក សមាជិកាស្រុកែវសីមា ដែលបានឆ្លងជំងឺកូវីដ-១៩

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២១ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគីរី អមដំណើរដោយលោកអនុប្រធាន និងមានការចូលរួមពីលោកប្រធានស.ស.យ.កស្រុកកែវសីមា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក សម្ភារ ថវិកាមួយចំនួនឧបត្ថម្ភដល់សមាជិក សមាជិកា ស.ស.យ.កស្រុកកែវសីមា ដែល ឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចចូលរួមសម្របសម្រួលក្នុងយុទ្ឋនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅស្រុកកែវសីមា ដែលកំពុងសម្រាប់ព្យាបាលនៅមណ្ឌលសុខភាព នៅតាមផ្ទះ និងអ្នកជាសះស្បើយ សរុបចំនួន៩នាក់ ។

ថ្លែងក្នុងឱកាសនោះ លោក ឈឹម កាន ប្រធានស.ស.យ.កខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង នឹករលឹកពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដែលជានិច្ចជាកាល ឯកឧត្តមតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ របស់សមាជិក សមាជិកា ស.ស.យ.កទាំងអស់ ។ លោកប្រធាន ស.ស.យ.កខេត្ត ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិង ភាពក្លាហានរបស់ក្រុមការងារ ស.ស.យ.ក ទាំងអស់ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត  ក្នុងការចូលរួមសម្របសម្រួលក្នុងយុទ្ឋនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នាពេលកន្លងមកនៅក្នុងស្រុកកែវសីមា។

លោកប្រធានស.ស.យ.ក ខេត្ត បានលើកទឹកចិត្តដល់ សមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ ត្រូវថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អ និងត្រូវបន្តអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន និងសូមជូនពរ សមាជិក សមាជិកាដែលកំពុងសម្រាកព្យាបាល ឆាប់ជាសះស្បើយ មានសុខភាពល្អឡើងវិញ ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ ស.ស.យ.ក ខេត្ត បានឧបត្ថម្ភ សមាជិក សមាជិកា ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន៦នាក់ ក្នុងម្នាក់ៗទទួលបានអង្ករចំនួន៥០គីឡូក្រាម មី១កេស ទឹកសុទ្ធ១.៥លីត្រ ១កេស ត្រីខ១យួរ ម៉ាស់ ១ប្រអប់ និង ថវិកា ចំនួន១០០.០០០ រៀល និង ឧបត្ថម្ភ សមាជិក ដែលបានជាសះស្បើយពីជំងឺកូវី ដ-១៩ ចំនួន៣ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន១០០.០០០រៀល និង ម៉ាស់០១ប្រអប់ ៕ ដោយ ៖ ផែង ផល្លិត