អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki ឆ្លងជំងឺកូវីដ-១៩

វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឆ្លើយឆ្លងព័ត៌មាន ប្រចាំសេតវិមានទីក្រុងវ៉ាស៊ីនតោន លោកស្រី Jen Psaki បានធ្វើតេស្ត វិជ្ជមាន ចំពោះជំងឺ COVID-19 នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា ហើយលោកស្រីត្រូវបានគេដឹងថា បានជួបលោកប្រធានាធិបតី ចូ បៃដិន លើកចុងក្រោយកាលពីថ្ងៃអង្គារ ទី២៦ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

ចំណែកលោក ចូ បៃ​ដិ​ន ក្រោយ​ប្រជុំ​G20 ក៏​បន្ត​ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ Cop26 នៅ​ទីក្រុង Glasgow ប្រទេស​ស្កុ​ត​ឡេ​ន បន្តទៀត​។ ប៉ុន្តែ​នៅ ក្នុង​សេចក្តីប្រកាសរបស់លោក​ស្រី Psaki បាន​និយាយថា លោកស្រី​បាន​ជួប​លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃពុធ តែ​អង្គុយ​ឆ្ងាយ​ពីគ្នា​ប្រហែល១.៨២ ម៉ែត្រ ហើយ​បាន​ពាក់​ម៉ាស់​ដូចគ្នា​ផងដែរ​។​

បើទោះជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃសៅរ៍ លោក ចូ បៃ​ដិ​ន បានធ្វើ​តេស្ត​អវិជ្ជមាន​ចំពោះ​មេរោគ​នេះ។

លោកស្រី Jen Psaki បានលើកឡើងយ៉ាងដូច្នេះថា «ការបង្ហាញលទ្ធផលតេស្តវិជ្ជមាន (ចំពោះកូវីដ-១៩) របស់ខ្ញុំនៅថ្ងៃនេះ គឺជាការបញ្ជាក់នូវតម្លាភាពដ៏ធំធេងមួយ»។ លោកស្រី និងមន្ត្រីមួយចំនួនទៀត មិនបានរួមដំណើរជាមួយលោក ចូ បៃដិន ទៅចូលរួមកិច្ចប្រជុំ G20 និង COP26 នៅតំបន់អឺរ៉ុបនោះទេ ដោយសារមុនចេញដំណើរ សមាជិកម្នាក់នៅក្នុងក្រុមរបស់លោកស្រី បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ហើយបន្ទាប់ពីការធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃពុធ លោកស្រីត្រូវបានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន» នៅថ្ងៃអាទិត្យ៕