ឯកឧត្តម ម៉ែន វិបុល អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ជូនដល់កុមារមានអាយុ៥ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃចន្ទ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ជូនដល់កុមារមានអាយុ៥ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្ដមអភិបាលរងខេត្ត  លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាល អភិបាលរងក្រុង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកមេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋដែលនាំប្អូនៗក្មួយៗមកទទួលការចាក់វ៉ាក់សាំង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ  ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។

ជាមួយគ្នានេះក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលនាំកូនមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។ ទន្ទឹមនេះ ក្រោយទទួលបានវ៉ាក់រួចក្មួយៗត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ៥ឆ្នាំ ចាប់ពីថ្ងៃទី០១  ខែវិច្ឆិកា  ឆ្នាំ២០២១នេះតទៅ តាមពេលវេលានិងទីតាំងដូចខាងក្រោម៖

ពេលព្រឹកពីម៉ោង ៧:៣០ ដល់ម៉ោង១១:៣០ នាទី  ពេលរសៀលពីម៉ោង១រសៀល ដល់ម៉ោង៤រសៀល រួមមាន ៖ ១-  ក្រុងស្វាយរៀង ៖ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ២-ក្រុងបាវិត ៖ មន្ទីរពេទ្យបង្អែកជីភូ។ ៣-ស្រុកកំពង់រោទិ៍ ៖ មណ្ឌលសុខភាពញរ។ ៤- ស្រុកស្វាយទាប ៖ មន្ទីរពេទ្យបង្អែកស្វាយទាប។ ៥- ស្រុករំដួល ៖ មណ្ឌលសុខភាពថ្នាធ្នង់។ ៦- ស្រុកចន្ទ្រា ៖ មណ្ឌលសុខភាពមេសថ្ងក។ ៧- ស្រុកស្វាយជ្រំ ៖ មណ្ឌលសុខភាពតាសួស និង៨-ស្រុករមាសហែក ៖ ទីតាំងសាលាស្រុកចាស់៕ ដោយ ៖ ភក្តី