
ខេត្តកែបបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ៥ឆ្នាំ
ខេត្តកែប ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខេត្តកែប នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ៥ឆ្នាំ នៅទូទាំងខេត្តកែប ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ចំពោះកុមារអាយុ ៥ឆ្នាំ នៅខេត្តកែប មានចំនួន ១,៤៨៩នាក់ ក្រុង កែប ៧៤៩នាក់ ស្រុកដំណាក់ចង្អើរ ៧៤០នាក់ ហើយចំពោះកុមារអាយុ ៦ ដល់ ១១ឆ្នាំ មានចំនួន ៥,១៥១នាក់ ចាក់បាន ១០០% (សម្រាប់ដូសទី១) និង៩៩% (សម្រាប់ដូសទី២), កុមារអាយុ ១២ ដល់១៧ឆ្នាំ មានចំនួន ៦,៤៣៤នាក់ ចាក់បាន ៩០% (សម្រាប់ដូសទី១) និង៨៧% (សម្រាប់ដូសទី២) និងប្រជាពលរដ្ឋអាយុ ១៨ឡើង មានចំនួន ២៥,៩៩៦នាក់ ចាក់បាន ១០៣% (សម្រាប់ដូសទី១) និង៩៧% (សម្រាប់ដូសទី២)។
ឯកឧត្តម បានរំលឹកថា ការចាក់វ៉ាក់សាំងនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់កុមារអាយុ៥ឆ្នាំ ព្រោះថា វ៉ាក់សាំងទាំងនេះអាចជួយការពារកុមារពីជំងឺកូវីដ-១៩ ដោយបានបង្កើតភាពស៊ាំ ក្នុងអំឡុងពេលដែលកូនកូនរបស់បងប្អូនចាប់ផ្ដើមចូលសិក្សានៅសាលារៀនឬទៅប្រាស្រ័យទាក់ទងជាមួយកុមារដទៃទៀត ជាការកាត់បន្ថយនៅការឆ្លងនៃជំងឺកូវីដ-១៩ នៅត្រឹមកម្រិតទាបបំផុត ។
ឯកឧត្តម បន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចលោកតែងតែគិតគូរពី សុខទុក្ខ អាយុជីវិត ជីវភាព និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស និយាយជារួម និងនិយាយដោយឡែកចំពោះប្រជាពលរដ្ឋខេត្តកែប បានចូលរួមទប់ស្កាត់ និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានល្អប្រសើរ និងសូមឲ្យបងប្អូនទាំងអស់មានការជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ដែលបានគិតគូរខ្ពស់ដល់សុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា ។
ជាមួយគ្នានេះ ឯកឧត្តម ក៏សូមអំពាវនាវដល់អ៊ុំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់ សូមមេត្តាចូលរួម ដោយនាំកូនចៅ ដែលមានអាយុ ៥ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយភ្ជាប់មកជាមួយនូវឯកសារ ដែលរាជរដ្ឋាភិបាលបានកំណត់ និងត្រូវបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ពាក់ម៉ាស់ លាងដៃដោយអាល់កុល និងរក្សាគម្លាតសុវត្ថិភាពពីមួយម៉ែត្រកន្លះឡើងទៅ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល កន្លែងមនុស្សច្រើន និងកុំចាប់ដៃគ្នា។
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភ ជូនរដ្ឋបាលក្រុង-ស្រុក និងក្រុមការងារចាក់វ៉ាក់សាំង ដោយក្នុង១ទីតាំង ទទួលបាន ទឹកសុទ្ធ ម៉ាស់ ជែលលាងដៃ ភេសជ្ជៈ បាកាស និងថវិកា ១,០០០,០០០រៀល៕