
តាលីបង់ហាមឃាត់មិនឲ្យមានការប្រើប្រាស់រូបិយប័ណ្ណបរទេសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន
កាប៊ុល ៖ កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមតាលីបង់បានប្រកាសហាមឃាត់ទាំងស្រុងនូវការប្រើប្រាស់រូបិយប័ណ្ណបរទេសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលវិធានការនេះត្រូវបានគេមើលឃើញថា បានបង្កឱ្យមានការរំខានបន្ថែមទៀតដល់សេដ្ឋកិច្ចជាតិអាហ្វហ្គានីស្ថាន ដែលអាចរុញច្រានដល់ការដួលរលំសេដ្ឋកិច្ចផងដែរ ស្របពេលជំនួយពីអន្តរជាតិត្រូវបានផ្អាក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuter។
វិធានការ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅប៉ុន្មានម៉ោងបន្ទាប់ពីមនុស្សយ៉ាងតិច២៥នាក់ត្រូវបានសម្លាប់ និងជាង៥០នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលខ្មាន់កាំភ្លើងបានវាយប្រហារមន្ទីរពេទ្យយោធាដ៏ធំបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីការបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុងកាប៊ុល។
ការប្រើប្រាស់ប្រាក់ដុល្លារគឺមានការរីករាលដាលនៅក្នុងទីផ្សាររបស់ប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលតំបន់នៅតាមព្រំដែនប្រើប្រាស់រូបិយប័ណ្ណរបស់ប្រទេសជិតខាងដូចជា ប៉ាគីស្ថានសម្រាប់ពាណិជ្ជកម្មជាដើម។
ក្រុមតាលីបង់ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ស្ថានភាពសេដ្ឋកិច្ច និងផលប្រយោជន៍ជាតិនៅក្នុងប្រទេសតម្រូវឱ្យជនជាតិអាហ្វហ្គានីស្ថានទាំងអស់ប្រើប្រាស់រូបិយប័ណ្ណជាតិអាហ្វហ្គានីស្ថាន ក្នុងរាល់ការលក់ដូរ និងចាយវាយរបស់ពួកគេប្រចាំថ្ងៃ។ ទន្ទឹមនោះរដ្ឋាភិបាលតាលីបង់ កំពុងជំរុញឱ្យសមាគមន៍អន្តរជាតិផ្ដល់ប្រាក់បម្រុងនៅធនាគារកណ្តាលរាប់ពាន់លានដុល្លារមកឲ្យអាហ្វហ្គានីស្ថានវិញ ខណៈដែលប្រទេសនេះកំពុងជួបគ្រោះរាំងស្ងួត ប្រឈមមុខនឹងវិបត្តិសាច់ប្រាក់ ភាពអត់ឃ្លាន និងវិបត្តិជនភៀសខ្លួនផងដែរ។
សូមជម្រាបថា អាហ្វហ្គានីស្ថានបានតម្កល់ទុកប្រាក់ និងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារនៅក្រៅប្រទេសជាមួយធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលផ្សេងទៀតនៅសហភាពអឺរ៉ុប ប៉ុន្តែប្រាក់ និងទ្រព្យសម្បត្តិទាំងនោះត្រូវបានជាប់គាំង ចាប់តាំងពីក្រុមតាលីបង់បានបណ្តេញរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិច កាលពីខែ សីហា មក៕