ទណ្ឌកម្មថ្មី ៖ អង់គ្លេស ហាម​មិន​ឲ្យ​មានការ​ប្រើប្រាស់​ក្រដាសប្រាក់​ផោន​នៅ​រុស្ស៊ី

ឡុង​ដ៍​ ៖ អង់គ្លេស បានប្រកាស​ពី​ការដាក់ទណ្ឌកម្ម​ថ្មី​មួយទៀត​ប្រឆាំងនឹង​រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែលជា​សេចក្តីជូនដំណឹង​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​របស់​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សារព័ត៌មាន RT ។​

របាយការណ៍​ដដែល បញ្ជាក់ថា ទណ្ឌកម្ម​ថ្មី​នេះ​រួមមាន ការហាម​ប្រាម​លើ​ការនាំចេញ និង​ការប្រើប្រាស់​ក្រដាសប្រាក់​ផោន និង​ក្រដាសប្រាក់​របស់​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​សហភាព​អឺរ៉ុប ក្នុងប្រទេស​រុស្ស៊ី បូក​រួមទាំង​ការហាមឃាត់​លើ​ការនាំចេញ​ទៅកាន់​ប្រទេស​រុស្ស៊ី នូវ​ទំនិញ បច្ចេកវិទ្យា ប្រេង​យន្តហោះ និង​សារធាតុ​បន្ថែម​ប្រេងឥន្ធនៈ ផងដែរ​។​

សូមជម្រាបថា ក្រោយ​ការឈ្លានពាន​លើ​ទឹកដី​អ៊ុយ​ក្រែ​ន ប្រទេស​រុស្ស៊ី បាន​រង​នូវ​ទណ្ឌកម្ម​ពី​អន្តរជាតិ​ជាច្រើន ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​មួយចំនួន​៕