តើលោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យកំពុងធ្វើអ្វី ទើបមិនដឹងពីសកម្មភាពបទល្មើសកាប់ឈើដែលកំពុងកើតមានក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង

ខេត្តក្រចេះ ៖ សកម្មភាពបទល្មើសកាប់ឈើនៅក្នុងតំបន់រលួសមានជ័យ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលជាដែនសមត្ថកិច្ចគ្រប់គ្រងដោយលោក តែ រី ជានាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ កំពុងកើតមានយ៉ាងអនាធិបតេយ្យបំផុត ប៉ុន្តែមិនដឹងថា តើលោក តែ រី កំពុងធ្វើអ្វីបានជាមិនដឹងកើតមានបទល្មើសកាប់ឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើទីតាំងកាប់ឈើនោះនៅមិនឆ្ងាយប៉ុន្មានពីស្នាក់ការរបស់លោកផងនោះ។

បើតាមសេចក្តីរាយការណ៍ និងប្រភពដែលអង្គភាព “ភ្នំពេញដេលី “Phnom Penh Daily Media ( www.ppd-news.net) ទទួលបាន មានឈ្មួញមួយក្រុម កំពុងធ្វើសកម្មភាព កាប់ឈើយ៉ាងសកម្មក្នុងតំបន់រលួសមានជ័យ ថែមទាំងមានម៉ាស៊ីនអារច្រៀកឈើមិនតិចជាង៥កន្លែងឡើយ ប៉ុន្តែលោក តែ រី ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ និងមន្ត្រីរបស់គាត់ហាក់ដូចជាមានភាពស្ងៀមស្ងាត់បំផុត មិនព្រមធ្វើការបង្ក្រាប។

ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មានពីសកម្មភាពកាប់ឈើនៅក្នុងតំបន់ខាងលើនេះ អ្នកសារព័ត៌មានមួយក្រុមបានចុះទៅដល់ទីតាំង ហើយក៏ប្រទះឃើញងមានគំនរឈើមូល និងឈើជ្រុងដែលឈ្មួញបានអារច្រៀករួចជាច្រើនកន្លែង។ ភ្លាមនោះក្រុមអ្នកសារព័ត៌មានបានទំនាក់ទំនងរាយការណ៍ទៅលោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ តាមរយៈលេខ 066 930 785 ដើម្បីមានវិធានការចុះបង្ក្រាប ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទទួលការហៅចូលបាន ពេលនោះក្រុមអ្នកសារព័ត៌មានក៏បានមករកដល់ស្នាក់ការតែម្តង ដើម្បីរាយការណ៍ជូន ប៉ុន្តែមិនឃើញគាត់នៅកន្លែងឡើយ។

ពាក់ព័ន្ធសកម្មភាពបទល្មើសកាប់ឈើដែលកំពុងកើតមាននៅក្នុងតំបន់រលួសមានជ័យនេះដែរ មហាជនមួយចំនួនមានការលើកឡើងជាមតិខុសៗគ្នា ដោយអ្នកខ្លះនិយាយថា បើពុំមានការបើកដៃ និងឃុបឃិតគ្នាពីមន្ត្រីជំនាញទេនោះ ឈ្មួញក៏មិនហ៊ានដែរ។ ចំណែកមតិខ្លះទៀតបានលើកឡើងថា ឬមួយក៏លោក តែ រី មិនដឹងថា កើតមានបទល្មើសកាប់ឈើនៅក្នុងដែនសមត្ថកិច្ចដែលគាត់កំពុងគ្រប់គ្រងមែនឬ ?  បើអញ្ចឹងមែននោះ គួរតែថ្នាក់លើល្មមដកគ្រវែងចោលតែម្តងទៅ៕ ដោយ ៖ សហការី