ថៃបន្តរកឃើញអ្នកឆ្លងកូវីដចំនួន​៧.៩៨២នាក់ថែមទៀត និង​ស្លា​​ប់​ចំនួន៦៨នាក់ ក្នុងរបាយការណ៍ថ្ងៃនេះ

បាងកក ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ៧.៩៨២ករណី និង​មាន​អ្នកស្លាប់ដោយសារជំងឺដ៏កាចសាហវនេះ ​ចំនួន៦៨នាក់​បន្ថែមទៀត​ក្នុង​រយៈពេល ២៤ម៉ោងចុងក្រោយនេះ​។​ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

ក្រសួងសុខាភិបាល​ថៃបានបញ្ជាក់ថា នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ៨.០២៩ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៩១៤.៥៦១ នាក់​ដែល​ក្នុងនោះ ១.៨២៦.៤៩២ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៩.៣៦៨ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៩.៤៦២ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕