
អាមេរិក ចាប់ផ្ដើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់កុមារអាយុពី៥-១១ឆ្នាំ ដោយប្រើ Pfizer
វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់សហរដ្ឋអាមេរិកបានរាយការណ៍ កាលពីថ្ងៃពុធថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់កុមារអាយុពី៥ ទៅ១១ឆ្នាំ កំពុងចាប់ផ្ដើមដំណើរការ បន្ទាប់ពីការយល់ព្រមពីអាជ្ញាធរសុខាភិបាលអាមេរិក កាលពីថ្ងៃមុន សម្រាប់ការប្រើប្រាស់វ៉ាក់សាំងក្រុមហ៊ុន Pfizer Inc. ចាក់ជូនដល់ក្រុមមនុស្សអាយុនេះ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក កាលពីថ្ងៃអង្គារបានឲ្យដឹងថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នេះ អាចនឹងផ្ដល់ជូនដល់កុមារប្រមាណ ២៨ លាននាក់។ ការចាក់វ៉ាក់សាំងសម្រាប់កុមារនេះ គឺនឹងប្រព្រឹត្តិទៅនៅតាមបណ្ដាគ្លីនិក ឱសថស្ថាន និងសាលារៀន ជាជាងស្ថាប័នចាក់វ៉ាក់សាំងធំៗ។
គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់ CDC បញ្ជាក់ថា មានកុមារសរុបជាង ១.៩ លាននាក់ដែលមានអាយុពី ៥ ទៅ១១ឆ្នាំ បានឆ្លងជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិក ដោយគិតត្រឹមចុងខែ តុលា ខណៈដែលប្រទេសនេះមានករណីឆ្លងច្រើនជាង ៤៦ លាននាក់ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក៕