WHO ទទួលស្គាល់​វ៉ាក់សាំង​ការពារ​កូ​វីដ​ Covaxin របស់​ឥណ្ឌាជា​ផ្លូវការ​

ញ៉ូ​វ​យ៉​ក ​៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បានអនុម័ត​ឲ្យ​ប្រើប្រាស់​សម្រាប់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ របស់​ក្រុមហ៊ុន​ឥណ្ឌា Bharat Biotech ក្នុងករណី​បន្ទាន់​។​

ការចុះបញ្ជី​ប្រើប្រាស់​បន្ទាន់​នឹងត្រូវ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Bharat Biotech នាំចេញ​នូវ​វ៉ាក់សាំង​របស់ខ្លួន​ដែល​គេ​ស្គាល់​ថា Covaxin ទៅកាន់​ប្រទេស​ក្រីក្រ និង​ប្រទេស​ខ្វះខាត​វ៉ាក់សាំង​ផ្សេងៗ​ទៀត ដោយ​គោរព​តាម​សេចក្តីណែនាំ​របស់ WHO សម្រាប់​ការអនុម័ត​។

WHO និង​ក្រុម​ទីប្រឹក្សាបច្ចេកទេស​រប​ស់​ខ្លួន បាន​បញ្ជាក់ថា វ៉ាក់សាំង Covaxin នេះ​មាន​អត្ថប្រយោជន៍​ច្រើន ជាង​ហានិភ័យ​របស់​វា ហើយ វ៉ាក់សាំង​នេះ​ត្រូវ​តាម​លក្ខណៈ​ស្តង់ដារ​របស់ WHO ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។​

គួរ​បញ្ជាក់ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ របស់​ប្រទេស​ឥណ្ឌា Covaxin នេះ​បាន​ក្លាយជា​វ៉ាក់សាំង​ទី ៧ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី WHO បន្ទាប់ពី​វ៉ា់ក់សាំង Pfizer, Moderna, AstraZeneca, Johnson & Johnson, Sinovac និង Sinopharm៕