ភាយក្លិនបញ្ច្រាសខ្យល់លើសេវាបំពេញបែបបទ និងការអនុវត្តច្បាប់មិនស្មើភាពគ្នានៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ប្រភពបានខ្សឹបដាក់ត្រចៀកប្រាប់នាយប្រុញថា ភ្ញៀវទសចរ អាជីវករ ប្រជាពលរដ្ឋធ្វើដំណើរចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានការហួសចិត្តជាខ្លាំង ពេលឃើញមន្ត្រីនគរបាលអន្តោប្រវេសន៍ តម្រូវឲ្យមានការបង់លើសេវាបំពេញបែបបទតាមការនឹកឃើញ ពិសេសការអនុវត្តច្បាប់មិនស្មើភាពគ្នារវាងប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋថៃ ក៏ដូចជាអនុវត្តត្រួតពិនិត្យសណ្តាប់ធ្នាប់ឆ្លងកាត់ប៉ុស្តិ៍កណ្តាលអន្តោប្រវេសន៍ត្រង់ចំណុចរង្វង់មូល ដែលមានការស្នើដល់ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជួយពិនិត្យមើលមន្ត្រីក្រោមឱវាទផង។

ប្រភពខាងលើបានខ្សឹបដាក់ត្រចៀកនាយប្រុញឲ្យដឹងថា ចំពោះប៉ាស្ព័រ តម្រូវឲ្យមានការបង់សេវាចំនួន១០០បាត ឬស្មើ១២០០០ រៀល , ការប្រថាប់ត្រាលើ បរិផាស (ប័ណ្ណឆ្លងដែន) ជាលើដំបូង (លើកទី១) បង់ចំនួន១០០បាត ឬស្មើ១២០០រៀល តែបើធ្លាប់មានការប្រថាប់ត្រាជាលើកទី១ហើយ ពេលលើកទី២ បង់ត្រឹមតែ៥០បាត ឬស្មើ៦០០០រៀល និងអាចស្នាក់នៅក្នុងដីថៃបាន២យប់ ៣ថ្ងៃ ដែលពីមុនមានសុពលភាពរហូតដល់មួយសប្តាហ៍ឯណោះ ជាហេតុធ្វើឲ្យពួកគាត់ជួបការលំបាក ថែមទាំងត្រូវចំណាយលុយអស់ច្រើនទៀតផង តែបើហួសសុពលភាពកំណត់វិញត្រូវពិន័យចំនួន៥០០បាតបន្ថែមទៀត។

ប្រភពដដែលខ្សឹបទៀតថា សម្រាប់ប្រជាពលរដ្ឋថៃដែលចូលមកកម្ពុជា តម្រូវឲ្យមានការបង់សេវាបំពេញបែបបទ ២០០បាត រយៈពេលស្នាក់នៅ ២យប់ ៣ថ្ងៃ ដូចជាពលរដ្ឋខ្មែរដែរ ប៉ុន្តែដោយថ្មីៗនេះមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋថៃ ទៅអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ទើបមានការសម្របសម្រួលរយៈពេលស្នាក់បាន១សប្តាហ៍ ដែលនេះបញ្ជាក់ឲ្យឃើញថា ការអនុវត្តច្បាប់លើបែបបទចេញចូលរវាងប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋថៃ មិនមានការស្មើភាពគ្នា។

ឯរឿងចម្លែកមួយទៀតការចេញចូលឆ្លងកាត់ប៉ុស្តិ៍កណ្តាលអន្តោប្រវេសន៍ ត្រង់ចំណុចរង្វង់មូល ឬហៅថា (បារ៉ាសស) ត្រូវបានមន្ត្រីអន្តោប្រវេសន៍ ធ្វើព្យុះភ្លៀងតាមអំពើចិត្ត សូម្បីតែពលរដ្ឋជិះម៉ូតូដឹកកូន ឬឥវ៉ាន់សំពីងសំពោងក៏ឲ្យចុះបណ្តើដែរ ចំពោះរថយន្តស៊េរីទាបៗមិនអនុញ្ញាតឲ្យចូល ហើយមនុស្សដែលនៅលើរថយន្តត្រូវចុះដើរទាំងអស់ តែបើអ្នកមានខ្សែធំ អ្នកមានលុយ ឬជារថយន្តស៊េរីទំនើប អាចចេញចូលដោយសេរី ថែមទាំងគ្មានការត្រួតពិនិត្យអ្វីឡើយ។

សូមបញ្ជាក់ថា ប្រភពចោទប្រកាន់ខាងលើនេះ គ្រាន់តែជាព័ត៌មានត្រួសៗដែលខ្សឹបប្រាប់ដាក់ត្រចៀកនាយប្រុញតែប៉ុណ្ណោះ មិនទាន់ចាត់ទុកជាព័ត៌មានផ្លូវការទេ។

ពាក់ព័ន្ធករណីនេះដែរ លោក ជួន សារី នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានធ្វើការបំភ្លឺបញ្ជាក់ដល់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media , www.ppd-news.net តាមប្រព័ន្ធតេឡេក្រាមថា «ខ្ញុំយល់ដូចជាមិនខុសទេ រឿងលិខិតឆ្លងដែន ពីព្រោះមានស្នាក់សញ្ញានៅទីនោះ រឿងឲ្យ (ឲ្យលុយ) ក្នុងនាមមនោសញ្ចេតនាកាហ្វេ ទឹកសុទ្ធ ដូចជាមិនខុសទេ ព្រោះឲ្យក្នុងនាមមនោសញ្ចេតនា»។

ចំពោះរឿងប័ណ្ណវិញលោកបញ្ជាក់ថា គិតមកដល់ឥឡូវជិត២០ឆ្នាំហើយ ដូចមិនមានអ្វីប្រែប្រួលសោះ គិតជំនាន់មេៗ៦មេមកហើយ។ ឯរឿងការស្នាក់ខាងថៃជាអ្នកកំណត់ មិនមែនខាងខ្មែរយើង សូមបងប្អូនយល់។

ដោយឡែកពាក់ព័ន្ធរឿងកាត លោកបញ្ជាក់ថា ខាងថៃជាអ្នកសម្រេចធ្វើកាត ខាងខេត្តស្នើសុំទៅខាងថៃហើយ តែរង់ចាំថ្នាក់ខេត្តសម្រេច មិនមែនខាងអន្តោប្រវេសន៍ទេ។

ពាក់ព័ន្ធការឆ្លងកាត់ ប៉ុស្តិ៍កណ្តាលអន្តោប្រវេសន៍ ឬហៅថា (ប៉ារា៉សស) ត្រង់ចំណុចរង្វង់មូលនោះ លោកបានបញ្ជាក់ថា ចេញចូលត្រូវតែត្រួតពិនិត្យ មិនអាចជិះម៉ូតូហោះក្នុងភូមិសាស្ត្របានទេ ឬការកកស្ទះចរាចរណ៍បានទេ ច្រកទ្វារមិនអាចឡានតាក់ស៊ី ម៉ូតូចេញចូលសេរីបានទេ ច្រកទ្វារអន្តរជាតិត្រូវមានសណ្តាប់ធ្នាប់ល្អ។ ទោះយ៉ាងណា នាយប្រុញ នឹងបន្តធ្វើការតាមដានសាច់រឿងនេះតទៅទៀត៕ ដោយ ៖ នាយប្រុញ