អឺរ៉ុបកំពុងប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងកូវីដ១៩ កាន់តែធ្ងន់ធ្ងរ

អឺរ៉ុប ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ករណីឆ្លងកូវីដ១៩ កំពុងឈានដល់កម្រិតកំណត់ត្រាថ្មី នៅក្នុងប្រទេសជាច្រើននៅទូទាំងទ្វីបអឺរ៉ុប ខណៈដែលរដូវរងាបានឈានចូលមកដល់ ដែលជំរុញឱ្យមានការអំពាវនាវឱ្យចាត់វិធានការពីអង្គការសុខភាពពិភពលោក (WHO)។

ប្រភពដដែលបន្តថា ការកើនឡើងនៃករណីឆ្លង ជាពិសេសនៅអឺរ៉ុបខាងកើតនេះ បានជំរុញឱ្យមានការជជែកវែកញែកអំពីថា តើត្រូវដាក់ចេញវិធានការទប់ស្កាត់ឡើងវិញចំពោះចលនាប្រជាជន នៅមុនបុណ្យណូអែលមកដល់ឬយ៉ាងណា និងរបៀបបញ្ចុះបញ្ចូលមនុស្សឱ្យទទួលចាក់វ៉ាក់សាំងកាន់តែច្រើន។

លោក Hans Kluge ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុបបាននិយាយថា «ល្បឿននៃការឆ្លងបច្ចុប្បន្ននៅទូទាំង៥៣ប្រទេសនៃតំបន់អឺរ៉ុបមានការព្រួយបារម្ភយ៉ាងខ្លាំង» ដោយបន្ថែមថា ការរីករាលដាលគឺមានសភាពកាន់តែធ្ងន់ធ្ងរទៅៗដោយសារវីរុសបំប្លែងខ្លួនថ្មី Delta។

ជាមួយគ្នានេះ លោក Kluge បានព្រមានមុននេះថា ប្រសិនបើអឺរ៉ុបនៅតែស្ថិតក្នុងនិន្នាការដូចនៅពេលច្ចុប្បន្ន នោះអាចនឹងមានការស្លាប់ដោយសារជំងឺកូវីដ១៩ រហូតដល់៥០០,០០០នាក់នៅទូទាំងតំបន់ត្រឹមខែកុម្ភៈឆ្នាំក្រោយ៕