ថ្ងៃនេះ ថៃ​បន្តរកឃើញអ្នក​ឆ្លងជំងឺកូវីដ-១៩ ចំនួន៨.១៤៨ករណីបន្ថែមទៀត និង​ស្លា​​ប់៨០នាក់ ​​

បាងកក ​៖ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន៨.១៤៨ករណីបន្ថែមទៀត និង​​អ្នកស្លាប់​ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន៨០នាក់​ផងដែរ​ក្នុង​រយៈពេល២៤ម៉ោងក្រោយនេះ​។​ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

ក្រសួងសុខាភិបាល​ថៃបានបញ្ជាក់ថា នៅ​ថ្ងៃ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ៨.២៣៨ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៩២២.៧០៩ នាក់​ដែល​ក្នុងនោះ ១.៨០៧.៣០៤ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៩.៤៤៨ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៩.៥៤២ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕