ចិន​ ៖ របាយការណ៍មន្ទីរបញ្ចកោណ អំពីក្បាលគ្រាប់នុយក្លេអ៊ែរចិន គឺគ្មានមូលដ្ឋានទាល់តែសោះ

វ៉ាស៊ីនតោន ​៖ ទីក្រុងប៉េកាំងបានវាយបកទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ ដោយហៅរបាយការណ៍មន្ទីរការពារជាតិអាមេរិកបញ្ចកោណ អំពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរចិននោះថា «គ្មានមូលដ្ឋានសោះតែម្តង»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

មន្ទីរ​បញ្ច​កោណ​អាមេរិកបានលើកឡើង​ថា ប្រទេស​ចិន​កំពុង​វិនិយោគ និង​ពង្រីក​ចំនួន​នុយក្លេអ៊ែរ​ទាំង​នៅលើ​ដីគោគ ផ្លូវទឹក និង​ផ្លូវអាកាស ព្រមទាំង​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​គាំទ្រ​ដល់​ការពង្រីក​កម្លាំង​នុយក្លេអ៊ែរ​ដ៏​ធំ​របស់ខ្លួន​។

ការឆ្លើយតបរបស់ចិនខាងលើនេះ បានកើតមានឡើង បន្ទាប់ពីមន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានបញ្ចេញរបាយការណ៍ចុងក្រោយមួយ នៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសចិនកំពុងតែបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ យ៉ាងឆាប់រហ័សលើសពីការរំពឹងទុក ហើយវានឹងបន្ថយគម្លាតរវាងសហរដ្ឋអាមេរិក។

ជុំវិញរបាយការណ៍ថ្មីខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានធ្វើការឆ្លើយតបនៅថ្ងៃព្រហស្បតិ៍នេះ ពីរដ្ឋធានីប៉េកាំងយ៉ាងដូច្នេះថា «របាយការណ៍ដែលត្រូវបានបញ្ចេញ ដោយក្រសួងការពារជាតិអាមេរិក ដូចជារបាយការណ៍ដែលស្រដៀងគ្នាពីមុន… វាគឺជាការមិនទទួលស្គាល់ការពិត និងពោពេញដោយភាពគ្មានមូលដ្ឋាន»។

អ្នកនាំពាក្យចិនរូបនេះបានចាត់ទុកទៀតថា ទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់របាយការណ៍ថ្មីនេះ ដើម្បីជំរុញឲ្យមានការជជែកដេញ ដោល អំពីការគំរាមកំហែងដោយនុយក្លេអ៊ែរចិន ដែលតាមការពិតទៅ គឺសហរដ្ឋអាមេរិកទៅវិញទេទើបជាប្រភពធំបំផុត នៃការគំរាមកំហែងផ្នែកនុយក្លេអ៊ែរ នៅលើពិភពលោកយើងនេះ។

សូមជម្រាបថា កាល​ពីមួយ​ឆ្នាំមុន របាយការណ៍​ពី​មន្ទីរ​បញ្ច​កោណ​របស់​ចិន បាន​ឲ្យ​ដឹងថា ប្រទេស​របស់ខ្លួន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រហែល ២០០ គ្រាប់ ហើយ​គ្រោង​នឹង​បង្កើន​ទ្វេដង​នៅ​ឆ្នាំ ២០៣០ ខាងមុខ​៕