
អាមេរិកបណ្តេញមេបញ្ជាការនាវាមុជទឹកចេញពីតំណែង បន្ទាប់ពីជួបឧបទ្ទវហេតុនៅសមុទ្រចិនខាងត្បូង
វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបណ្តេញមេបញ្ជាការ មន្ត្រីប្រតិបត្តិ និងនាវិកកំពូលនៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោយជួបឧបទ្ទវហេតុបើកបុកភ្នំក្រោមទឹកនៅសមុទ្រចិនខាងត្បូង ពេលកំពុងល្បាតនៅក្រោមផ្ទៃទឹក កាលពីដើមខែតុលា។
មេបញ្ជាការលោក Cameron Aljilani និងមន្ត្រីប្រតិបត្តិ២នាក់ផ្សេងទៀតត្រូវបានដកចេញពីមុខតំណែង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការស៊ើបអង្កេតរកឃើញវត្ថុដែលនាវាអាមេរិកបើកបុកនោះនៅក្នុងសមុទ្រចិនខាងត្បូង ស្របពេលអាមេរិកកំពុងមានភាពតានតឹងជាមួយចិនផងនោះ។
ក្រោយពេលកើតហេតុភ្លាមៗ នាវា USS Connecticut របស់អាមេរិកនោះ ត្រូវបង្ខំធ្វើដំណើរទៅកាន់កោះហ្គាំដែលនៅក្បែរនោះ១សប្ដាហ៍ ដើម្បីជួសជុល និងវាយតម្លៃនៃការខូចខាតមុនត្រឡប់ទៅ មូលដ្ឋាននាវាមុជទឹកអាមេរិកនៅទីក្រុង Bremerton រដ្ឋ Washington ៕