
អភិបាលក្រុងព្រះសីហនុណែនាំចំនួន៦ចំណុចដល់មន្រ្តីផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដើម្បីចៀសវាងបញ្ហាបាតុភាពអសកម្ម
ខេត្តព្រះសីហនុ ៖ លោក អ៊ី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុបានបើកកិច្ចប្រជុំ ពាក់ព័ន្ធការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ក៏ដូចជាអង្គភាពច្រកនៃរដ្ឋបាលខេត្តព្រះសីហនុនៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។
លោក អ៊ី សុខឡេង អភិបាលក្រុងបានមានប្រសាសន៍ធ្វើការណែនាំទៅដល់មន្រ្តី ឬការិយាល័យ ដែលមានការពាក់ព័ន្ធក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាកាត់បន្ថយនូវភាពស្មុគស្មាញមួយចំនួន ដែលជាមូលហេតុនាំឲ្យការផ្តល់សេវាមានភាពយឺតយ៉ាវមិនទាន់ពេលវេលា ធ្វើឲ្យប្រជាពលរដ្ឋមានសតិអារម្មណ៍មិនល្អ មានការថ្នាំងថ្នាក់ មិនសប្បាយចិត្តក្នុងការទទួលយកសេវា ដែលធ្វើឲ្យមានការជះឥទ្ធិពលមិនល្អដល់ថ្នាក់ដឹកនាំ។ ហើយផ្ទុយទៅនឹងប្រកាអន្តរក្រសួង ឬលិខិតបទដ្ឋានដែលបានណែនាំ និងបន្តយក ចិត្តទុកដាក់ អនុវត្តឲ្យបានត្រឹមត្រូវទៅតាមលិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាលដែលបានណែនាំ។
ដើម្បីចៀសវាងបញ្ហាបាតុភាពអសកម្មដែលអាចកើតមានឡើងបន្ត លោកអភិបាលក្រុងបានមានមតិណែនាំចំណុចសំខាន់ៗចំនួន ៦ចំណុចរួមមាន ៖
ទី១.ត្រូវអនុវត្តការផ្តល់សេវាធ្វើយ៉ាងណាឲ្យស្របទៅតាមច្បាប់ ឬលិខិតបទដ្ឋានដែលបានណែនាំជាកំណត់។
ទី២.មិនត្រូវយកសេវាលើសពីតារាងតម្លៃដែលបានកំណត់។
ទី៣.មិនត្រូវកំណត់សេវាផ្សេងៗ ដែលផ្ទុយនឹងច្បាប់។
ទី៤.ការផ្តល់សេវាត្រូវឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
ទី៥.ត្រូវរៀបចំតារាងតាមដានពេលវេលានៃការផ្តល់សេវា ស្របតាមឧបសម្ព័ន្ធទី៣ នៃសេចក្តីសម្រេចលេខ ៧៥២ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។
ទី៦.ការិយាល័យច្រក និងអ្នកពាក់ព័ន្ធ ត្រូវធ្វើសេចក្តីរាយការណ៍ អំពីបញ្ហាប្រឈម ដែលធ្វើឲ្យមានការផ្តល់សេវាយឺតដោយប្រការណាមួយ ។
លោកអភិបាលក្រុងបានបន្តទៀតថា លោកសង្ឃឹម នឹងជឿជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះលោក លោកស្រី នឹងចូលរួមសហការ អនុវត្ត ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ដើម្បីចូលរួមចំណែកការធ្វើកំណែទម្រង់វិមជ្ឃការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ៕ ដោយ ៖ ទឹង សុភាព