ខ្លាំងមែន ទីតាំងជល់មាន់ និងអាប៉ោងក្នុងសង្កាត់ទឹកល្អក់៣ ដំណើរការទៀតហើយ

ភ្នំពេញ ៖ មហាជនសម្តែងហួសចិត្ត និងការរិះគន់ជាខ្លាំង ដែលទំនងចង់បន្ទោសដល់សមត្ថកិច្ច និងថ្នាក់ដឹកនាំអាជ្ញាធរខណ្ឌទួលគោក តែម្តង ខណៈទីតាំងជល់មាន់ និងអាប៉ោងមួយកន្លែងកណ្តាលក្រុងភ្នំពេញ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកចូលតាមផ្លូវលំ ទល់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ រួចបត់ស្តាំ (ខាងក្រោយសាកលវិទ្យាល័យបញ្ញាជាតិ) ចាប់ផ្តើមបើកដំណើរការបានយ៉ាងរលូនទៀតហើយក្រោយពីឲ្យផ្អាកមួយរយៈ។

បើតាមប្រភពមួយចំនួនបានឲ្យដឹងថា ទីតាំងជល់មាន់ និងអាប៉ោងខាងលើនេះមានមេការឈ្មោះ (សាល) និងមានការភ្នាល់ដាក់លុយសុីសងចាញ់ឈ្នះទ្រង់ទ្រាយធំ បើកដំណើរការប្រកួតនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងសុក្រ សម្រាប់ថ្ងៃសៅរ៍ និងអាទិត្យ ជាគូពិសេស។

ពាក់ព័ន្ធទីតាំងជល់មាន់ និងអាប៉ោងខាងលើនេះដែរ អធិការនគរបាលខណ្ឌទួលគោក លោកវរសេនីយ៍ឯក សុខ ហេង បានប្រាប់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media , ppd-news net តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះថា ចាំលោកចាត់កម្លាំងចុះទៅមើល។

ដោយឡែក អភិបាលខណ្ឌទួលគោក លោក ជា ពិសី មិនទាន់អាចធ្វើការទំនាក់ទំនង ដើម្បីសុំបញ្ជាក់ថា តើទីតាំងជល់មាន់ និងអាប៉ោងក្នុងសង្កាត់ទឹកល្អក់៣ មានច្បាប់អនុញ្ញាត ឬយ៉ាងណានោះទេ។

ព័ត៌មាននេះចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីមានវិធានការបង្ក្រាប ព្រោះល្បែងស៊ីសងជាដើមចមដែលបង្កើតឲ្យមាននូវបទល្មើស៕ (សូមរង់ចាំតាមដានព័ត៌មានលម្អិត) នាយប្រុញ