Rodgers យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់មាត់​ដឹកនាំ Man Utd

អង់គ្លេស ៖ គ្រូបង្វឹក Leicester City លោក Brendan Rodgers ត្រូវបាន​គេ​រាយការណ៍​ថា​មាន​កិច្ចព្រមព្រៀង​ផ្ទាល់មាត់​ជាមួយ Manchester United ដើម្បី​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្លឹប​។​

​តំណែង​របស់លោក Ole Gunnar Solskjaer ជា​អ្នកចាត់ការ​ក្រុម​ម្ចាស់​ជើងឯក​អង់គ្លេស​២០​សម័យ​គឺ​ស្ថិតក្នុង​ភាពមន្ទិលសង្ស័យ​យ៉ាងខ្លាំង​នៅ​បិសាច​ក្រហម​បន្ទាប់ពី​ដឹកនាំ​មិនសូវ​ជោគជ័យ​។​

​ការ​ចាញ់ Manchester City ២-០ កាលពី​ថ្ងៃ​សៅរ៍​បានធ្វើ​ឱ្យមាន​សម្ពាធ​លើ​គ្រូបង្វឹក​របស់​ក្លឹប​យ៉ាងខ្លាំង ទោះបីជា​គ្រូបង្វឹក​សញ្ជាតិ​ន័​រវេ​សបាន​និយាយ​បន្ទាប់ពី​ការបរាជ័យ​ថ្ងៃ Manchester Derby ថា​គាត់​មិន​ខ្លាច​បាត់បង់​តំណែង​នោះទេ ។​

​ទោះ​បែបនេះ​ក្ដី​លោក Solskjaer បាន​កំពុង​សម្លឹងមើល​ទៅមុខ​ការប្រកួត​បន្ទាប់​រប​ស់​ក្រុម​របស់គាត់​ជាមួយ Watford នៅពេលដែល​ត្រូវបាន​ចោទសួរ​បន្ទាប់ពី​ចាញ់​ក្រុម​របស់លោក Pep Guardiola ។​

​យ៉ាងណាមិញ​យោងតាម​សារព័ត៌មាន CaughtOffside បាន​ឲ្យ​ដឹងថា Man Utd មាន​កិច្ចព្រមព្រៀង​ផ្ទាល់មាត់​ជាមួយ​លោក Rodgers ដើម្បី​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ពួកគេ​។​

​របាយការណ៍​បាន​អះអាងថា ​គ្រូបង្វឹក​វ័យ​៤៨​ឆ្នាំ​រូបនេះ​ចង់​រង់ចាំ​រហូតដល់​ចុងបញ្ចប់​នៃ​យុទ្ធនាការ​ឆ្នាំ ២០២១-២២ ដើម្បី​ទទួល​តួនាទី​នេះ ប៉ុន្តែ​បិសាច​ក្រហម​កំពុង​ជំរុញឱ្យមាន​ការតែងតាំង​គាត់​នាពេល​ឆាប់ៗ​ខាងមុខនេះ​ដើម្បី​ស្រោចស្រង់​ក្រុម​ឡើងវិញ ។​

​សូមជម្រាបថា លោក Rodgers បានចាប់ផ្តើម​អាជីព​ជា​អ្នកគ្រប់គ្រង​របស់គាត់​ជាមួយ Watford ក្នុង​ឆ្នាំ ២០០៨ ហើយ​បន្ទាប់មក​គាត់​បាន​ដឹកនាំ​ក្រុម Reading, Swansea City, Liverpool, Celtic និង Leicester ៕