
អគ្គិភ័យឆាបឆេះមន្ទីរពេទ្យព្យាបាលកូវីដនៅឥណ្ឌា បណ្ដាលឲ្យអ្នកជំងឺ១១នាក់ស្លាប់
ញូវដេលី ៖ អគ្គិភ័យ ឆាបឆេះមន្ទីរពេទ្យផ្ទុកអ្នកជំងឺកូវីដ ១៩ មួយកន្លែងនៅភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ដែលបណ្ដាលឲ្យអ្នកជំងឺយ៉ាងតិច ១១ នាក់ស្លាប់។ ហេតុការណ៍នេះ គឺជាហេតុការណ៍ឆាបឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ ចុងក្រោយបង្អស់ នៅទូទាំងប្រទេសឥណ្ឌា។
ក្រុមមន្ត្រីនៅតំបន់នោះ បានឲ្យដឹងថា មានអ្នកជំងឺជាង ១០ នាក់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យក្នុងតំបន់ Ahmadnagar រដ្ឋ Maharashtra នៅពេលអគ្គិភ័យឆាបឆេះនោះ។ អ្នកស្លាប់ភាគច្រើនគឺមានអាយុលើសពី ៦០ ឆ្នាំ។ ក្រោយពេលកើតហេតុ លោក Udhav Thackeray អភិបាលរដ្ឋ Maharashtra បានបញ្ជាឲ្យបើកការស៊ើបអង្កេតរកមូលហេតុនៃការឆាបឆេះនេះផងដែរ។
គួរបញ្ជាក់ថា មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ មួយចំនួននៅប្រទេសឥណ្ឌា ត្រូវបានរងគ្រោះដោយសោកនាដកម្មអគ្គិភ័យឆាបឆេះ៕