អង់គ្លេសនឹងដាក់ឲ្យប្រើប្រាស់សាកល្បងថ្នាំព្យាបាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Merck នៅចុងខែនេះ

ឡង់ដ៍ ៖ ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រ នៃទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស លោក Susan Hopkins បាននិយាយនៅថ្ងៃអាទិត្យនេះថា ចក្រភពអង់គ្លេសនឹងដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ដែលហៅថា molnupiravir របស់ក្រុមហ៊ុន Merck នៅចុងខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Hopkins បានប្រាប់ទូរទស្សន៍ BBC ថា នៅពេលត្រូវបានគេសួរអំពីការអនុម័ត molnupiravir  នោះជាដំណឹងដ៏អស្ចារ្យ ហើយវានឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សាកល្បងចុងខែនេះ/ដើមខែធ្នូ។ រដ្ឋាភិបាលបាននិយាយកាលពីខែតុលាថា ខ្លួនបានថ្នាំព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Merck ចំនួន៤៨០,០០០វគ្គព្យាបាល និងថ្នាំរបស់ក្រុមហ៊ុន Pfizer ចំនួន ២៥០,០០០វគ្គព្យាបាលផងដែរ។

សូមជម្រាបថា កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងមេរោគកូវីដ១៩ បង្កើតឡើងដោយក្រុមហ៊ុន Merck & Co និង Ridgeback Biotherapeutics ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក៕